គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 31:18-30 Khmer Standard Version (KHSV)

18. លោក​នាំ​ហ្វូង​សត្វ​របស់​លោក ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដែល​លោក​រក​បាន​ទាំង​ប៉ុន្មាន គឺ​ហ្វូង​សត្វ​ដែល​លោក​រក​បាន​នៅ​ស្រុក​ប៉ាដាន់‌អើរ៉ាម។ លោក​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រក​លោក​អ៊ីសាក ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ។

19. ពេល​នោះ លោក​ឡាបាន់​ចេញ​ទៅ​កាត់​រោម​ចៀម​ផុត​ទៅ​ហើយ។ លោក​ស្រី​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង។

20. រីឯ​លោក​យ៉ាកុប​វិញ លោក​បាន​លួច​រត់​ចេញ​ពី​លោក​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ដោយ​ពុំ​ប្រាប់​ឲ្យ​គាត់​ដឹង​មុន​ឡើយ

21. លោក​បាន​រត់​ចេញ​ទៅ ដោយ​នាំ​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន ទៅ​ជា​មួយ​ផង។ លោក​បាន​ឆ្លង​កាត់​ទន្លេ​អឺប្រាត តម្រង់​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ​កាឡាដ។

22. នៅ​ថ្ងៃ​ទី​បី មាន​គេ​មក​ជម្រាប​លោក​ឡាបាន់​ថា លោក​យ៉ាកុប​រត់​បាត់​ទៅ​ហើយ។

23. គាត់​ក៏​នាំ​បង‌ប្អូន​ដេញ​តាម​លោក​យ៉ាកុប។ គាត់​ដើរ​ផ្លូវ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ទើប​ទៅ​ទាន់​លោក​យ៉ាកុប នៅ​តំបន់​ភ្នំ​កាឡាដ។

24. ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​យាង​មក​ឲ្យ​លោក​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម​ឃើញ ក្នុង​សុបិន​នៅ​ពេល​យប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ‌ពាល់​ដល់​យ៉ាកុប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្ដី»។

25. លោក​ឡាបាន់​បាន​តាម​លោក​យ៉ាកុប​ទាន់។ លោក​យ៉ាកុប​បោះ​ជំរំ​នៅ​លើ​ភ្នំ រីឯ​លោក​ឡាបាន់​វិញ លោក​ក៏​បោះ​ជំរំ​ជា​មួយ​បង‌ប្អូន​លោក នៅ​លើ​ភ្នំ​កាឡាដ​ដែរ។

26. លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ម្ដេច​ក៏​កូន​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​ចេញ​ពី​ពុក ហើយ​នាំ​កូន​ស្រី​ទាំង​ពីរ​របស់​ពុក​មក ដូច​ជា​ឈ្លើយ​សឹក​យ៉ាង​ហ្នឹង?

27. ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​មក​ដូច្នេះ? កូន​បាន​បញ្ឆោត​ពុក​ហើយ គឺ​មិន​ប្រាប់​ឲ្យ​ឪពុក​បាន​ដឹង​សោះ។ បើ​ពុក​ដឹង​មុន ម៉្លេះ​សម​ពុក​ជូន​ដំណើរ​កូន ដោយ​អំណរ​សប្បាយ គឺ​មាន​ច្រៀង វាយ​ស្គរ និង​លេង​ពិណ​ផង។

28. កូន​មិន​បាន​ទុក​ឲ្យ​ពុក​ថើប​លា​កូន​ចៅ​ប្រុស​ស្រី​របស់​ពុក​ឡើយ កូន​ធ្វើ​ដូច្នេះ​ពិត​ជា​ល្ងី‌ល្ងើ​មែន។

29. ពុក​មាន​អំណាច​អាច​ធ្វើ​ទោស​ឯង​រាល់​គ្នា​បាន តែ​ព្រះ​នៃ​ដូនតា​របស់​ឯង​រាល់​គ្នា​មាន​ព្រះ‌បន្ទូល​មក​កាន់​ពុក​ពី​យប់‌មិញ​ថា “ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ‌ពាល់​ដល់​យ៉ាកុប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្ដី”។

30. ឥឡូវ​នេះ បើ​ថា​កូន​រត់​ចេញ​មក ព្រោះ​តែ​នឹក​ញាតិ‌សន្ដាន​ឪពុក​របស់​កូន​នោះ មិន​អី​ទេ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លួច​យក​រូប​ព្រះ​របស់​ពុក​មក​ដែរ?»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 31