គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 30:31-42 Khmer Standard Version (KHSV)

31. លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «តើ​ពុក​ត្រូវ​ឲ្យ​អ្វី​ខ្លះ​ដល់​កូន?» លោក​យ៉ាកុប​តប​ថា៖ «លោក​ឪពុក​មិន​បាច់​ឲ្យ​អ្វី​មក​ខ្ញុំ​ទេ គឺ​លោក​ឪពុក​គ្រាន់​តែ​ស្ដាប់​សេចក្ដី ដែល​ខ្ញុំ​នឹង​ស្នើ​សុំ​នេះ​ក៏​ល្មម​ហើយ ខ្ញុំ​នឹង​មើល​ថែ​ទាំ​ហ្វូង​សត្វ​របស់​លោក​ឪពុក​ត​ទៅ​មុខ​ទៀត។

32. ថ្ងៃ​នេះ ខ្ញុំ​នឹង​ទៅ​ពិនិត្យ​មើល​ហ្វូង​សត្វ​ទាំង​មូល​របស់​លោក​ឪពុក ហើយ​ញែក​កូន​ចៀម​ទាំង​ប៉ុន្មាន ដែល​មាន​សម្បុរ​ពព្លាក់ ពពាល និង​ចៀម​ទាំង​ប៉ុន្មាន​ដែល​មាន​សម្បុរ​ស្រអាប់ ចេញ​ពី​ហ្វូង​ចៀម​របស់​លោក​ឪពុក។ ខ្ញុំ​ក៏​នឹង​ញែក​ពពែ​ទាំង​ប៉ុន្មាន ដែល​មាន​សម្បុរ​ពពាល និង​ពព្លាក់ ចេញ​ពី​ហ្វូង​ពពែ​របស់​លោក​ឪពុក​ដែរ។ ខ្ញុំ​សុំ​យក​សត្វ​ទាំង​នោះ​ទុក​ជា​ថ្លៃ​ឈ្នួល។

33. ស្អែក ពេល​លោក​ឪពុក​អញ្ជើញ​ទៅ​មើល​សត្វ ដែល​ជា​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ លោក​ឪពុក​មុខ​ជា​ជ្រាប​ថា ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់។ ប្រសិន​បើ​លោក​ឪពុក​ឃើញ​សត្វ​ណា​ដែល​គ្មាន​សម្បុរ​ពពាល និង​ពព្លាក់​ក្នុង​ចំណោម​ពពែ ឬ​សត្វ​ណា​ដែល​គ្មាន​សម្បុរ​ស្រអាប់​ក្នុង​ចំណោម​កូន​ចៀម បាន​សេចក្ដី​ថា ខ្ញុំ​បាន​លួច​សត្វ​ទាំង​នោះ​ហើយ»។

34. លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «អ៊ីចឹង​ក៏​បាន! ចូរ​ធ្វើ​តាម​ពាក្យ​របស់​កូន​ទៅ!»។

35. នៅ​ថ្ងៃ​ដដែល​នោះ លោក​ឡាបាន់​ញែក​ចៀម​ឈ្មោល​ដែល​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​ពពែ​ដែល​មាន​សម្បុរ​ពពាល​ពព្លាក់ ពពែ​ដែល​មាន​ក្រឡា​ពណ៌​ស ព្រម​ទាំង​ចៀម​ដែល​មាន​សម្បុរ​ស្រអាប់​ទាំង​ប៉ុន្មាន​ដោយ​ឡែក ហើយ​ប្រគល់​ទៅ​ឲ្យ​កូនៗ​របស់​គាត់​មើល​ថែ​ទាំ

36. រួច​គាត់​ឲ្យ​ពួក​គេ​ទៅ​ឆ្ងាយ​ពី​លោក​យ៉ាកុប ចម្ងាយ​ដើរ​ផ្លូវ​បី​ថ្ងៃ។រីឯ​លោក​យ៉ាកុប​វិញ លោក​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​ឡាបាន់​ដែល​នៅ​សល់។

37. លោក​យ៉ាកុប​បាន​កាច់​មែក​រាំង មែក​ស្វាយ‌ចន្ទី និង​មែក​ចំបក់​ស្រស់ៗ យក​មក​លួស​សំបក​ឲ្យ​ឃើញ​ឆ្នូត​លាយ​នឹង​សាច់​សៗ។

38. បន្ទាប់​មក លោក​យក​មែក​ដែល​មាន​ឆ្នូតៗ​នោះ ទៅ​ដាក់​នៅ​ក្នុង​ចង្អូរ និង​ស្នូក​ជា​កន្លែង​ដែល​សត្វ​តែង​មក​ផឹក​ទឹក ដើម្បី​ឲ្យ​សត្វ​ទាំង​នោះ​ឃើញ ដ្បិត​វា​តែងតែ​ជាន់​គ្នា​នៅ​ពេល​ផឹក​ទឹក។

39. សត្វ​ទាំង​នោះ​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ ក្រោយ​មក វា​បង្កើត​កូន​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​ពព្លាក់។

40. ចំណែក​ឯ​ចៀម​ដែល​លោក​យ៉ាកុប​ញែក​ទុក​ដោយ​ឡែក​នោះ លោក​ដាក់​វា​ឲ្យ​មើល​សត្វ​របស់​លោក​ឡាបាន់ ដែល​មាន​សម្បុរ​ឆ្នូតៗ និង​ស្រអាប់។ ធ្វើ​ដូច្នេះ លោក​បង្ក​បង្កើត​បាន​ហ្វូង​សត្វ​មួយ​របស់​លោក​ផ្ទាល់ ហើយ​លោក​មិន​ទុក​ឲ្យ​វា​នៅ​ឡូក‌ឡំ​ជា​មួយ​ហ្វូង​សត្វ​របស់​លោក​ឡាបាន់​ទេ។

41. ពេល​ណា​មាន​សត្វ​មាំៗ​មក​ជាន់​គ្នា​នៅ​ទី​នោះ លោក​យ៉ាកុប​ដាក់​មែក​ឈើ​នៅ​ក្នុង​ចង្អូរ​ឲ្យ​វា​ឃើញ ដើម្បី​ឲ្យ​វា​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ​នោះ

42. តែ​ប្រសិន​បើ​មាន​សត្វ​ខ្សោយៗ​មក​ជាន់​គ្នា លោក​មិន​ដាក់​មែក​ឈើ​ទេ។ ធ្វើ​ដូច្នេះ សត្វ​ខ្សោយៗ​ជា​កម្មសិទ្ធិ​របស់​លោក​ឡាបាន់ រីឯ​សត្វ​មាំៗ​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ាកុប។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 30