គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 3:4-13 Khmer Standard Version (KHSV)

4. ពេល​នោះ ពស់​ប្រាប់​ស្ត្រី​ថា៖ «ទេ! អ្នក​ទាំង​ពីរ​នឹង​មិន​ស្លាប់​ទេ។

5. ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​ជ្រាប​ថា ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ព្រះ ដែល​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ជា​មិន​ខាន»។

6. ស្ត្រី​មើល​ទៅ​ដើម​ឈើ ឃើញ​ថា​មាន​រស‌ជាតិ​ឆ្ងាញ់​ពិសា គួរ​ឲ្យ​គយ‌គន់ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មាន​ប្រាជ្ញា​ទៀត​ផង នាង​ក៏​បេះ​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្ដី​ដែល​នៅ​ជា​មួយ ហើយ​ប្ដី​ក៏​បរិភោគ​ដែរ។

7. ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ។ អ្នក​ទាំង​ពីរ​ក៏​បេះ​ស្លឹក​ល្វា​មក​ខ្ទាស់​ធ្វើ​ជា​ប៉ឹង​បិទ‌បាំង​កាយ។

8. អ្នក​ទាំង​ពីរ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌ជា‌អម្ចាស់ ដែល​យាង​កាត់​សួន​ឧទ្យាន នៅ​ពេល​មាន​ខ្យល់​បក់​រំភើយៗ បុរស និង​ស្ត្រី​ក៏​នាំ​គ្នា​រត់​ពួន​ក្រោយ​ដើម​ឈើ​ក្នុង​សួន​ឧទ្យាន កុំ​ឲ្យ​ព្រះ‌ជា‌អម្ចាស់​ទត​ឃើញ។

9. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​មនុស្ស​ប្រុស​ថា៖ «អ្នក​នៅ​ឯ​ណា?»

10. គាត់​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «ទូលបង្គំ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​នៅ​ក្នុង​សួន​ឧទ្យាន ទូលបង្គំ​ភ័យ​ណាស់ ព្រោះ​ទូលបង្គំ​នៅ​ខ្លួន​ទទេ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ពួន»។

11. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នរណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​នោះ​ឬ?»។

12. បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​មក​នៅ​ជា​មួយ​ទូលបង្គំ​នោះ បាន​ឲ្យ​ផ្លែ​ឈើ​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​ទទួល​ទាន​ដែរ»។

13. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្ដេច​ក៏​នាង​ធ្វើ​ដូច្នេះ?» ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​មក​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​ក៏​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ទៅ»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 3