7. គាត់ឃើញលោកយ៉ាកុបធ្វើតាមបង្គាប់ឪពុកម្ដាយ ចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម
8. លោកអេសាវយល់ឃើញថា លោកអ៊ីសាក ជាឪពុក មិនពេញចិត្តនឹងស្ត្រីសាសន៍កាណានទេ។
9. លោកអេសាវក៏ទៅរកលោកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺនាងម៉ាហាឡាត ជាបងរបស់នាងនេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ។
10. លោកយ៉ាកុបចាកចេញពីក្រុងបៀរសេបាឆ្ពោះទៅកាន់ស្រុកខារ៉ាន។
11. ពេលថ្ងៃជិតលិច លោកបានទៅដល់កន្លែងមួយ ហើយស្នាក់នៅទីនោះ។ លោកបានយកថ្មមួយដុំមកកើយ រួចសម្រាន្តលក់នៅទីនោះទៅ។
12. លោកសុបិនឃើញមានជណ្ដើរមួយបញ្ឈរលើផែនដី ចុងវាខ្ពស់រហូតដល់មេឃ ហើយមានទេវតា*របស់ព្រះជាម្ចាស់ នាំគ្នាចុះឡើងតាមជណ្ដើរនោះ។
13. ពេលនោះ ព្រះអម្ចាស់គង់នៅក្បែរលោក មានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ ជាព្រះរបស់អប្រាហាំ ជីតាអ្នក ហើយក៏ជាព្រះរបស់អ៊ីសាកដែរ។ យើងនឹងប្រគល់ទឹកដីដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។
14. ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នក និងពូជពង្សរបស់អ្នក។
15. ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់តាមពាក្យដែលយើងសន្យានេះ»។