គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 28:5-19 Khmer Standard Version (KHSV)

5. បន្ទាប់​មក លោក​អ៊ីសាក​ឲ្យ​លោក​យ៉ាកុប​ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម គឺ​ទៅ​ផ្ទះ​លោក​ឡាបាន់​ជា​កូន​របស់​លោក​បេធូ‌អែល ជន‌ជាតិ​អារ៉ាម ដែល​ត្រូវ​ជា​បង​ប្រុស​របស់​លោក​ស្រី​រេបិកា ម្ដាយ​របស់​លោក​យ៉ាកុប និង​លោក​អេសាវ។

6. លោក​អេសាវ​ឃើញ​លោក​អ៊ីសាក​ឲ្យ​ពរ​លោក​យ៉ាកុប និង​ចាត់​គាត់​ឲ្យ​ទៅ​រក​ប្រពន្ធ​នៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម ទាំង​ផ្ដែផ្ដាំ​នៅ​ពេល​ឲ្យ​ពរ​នោះ​ថា កុំ​យក​ស្ត្រី​សាសន៍​កាណាន​មក​ធ្វើ​ជា​ភរិយា

7. គាត់​ឃើញ​លោក​យ៉ាកុប​ធ្វើ​តាម​បង្គាប់​ឪពុក‌ម្ដាយ ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម

8. លោក​អេសាវ​យល់​ឃើញ​ថា លោក​អ៊ីសាក ជា​ឪពុក មិន​ពេញ​ចិត្ត​នឹង​ស្ត្រី​សាសន៍​កាណាន​ទេ។

9. លោក​អេសាវ​ក៏​ទៅ​រក​លោក​អ៊ីស្មា‌អែល ហើយ​យក​ប្រពន្ធ​មួយ​ទៀត គឺ​នាង​ម៉ាហា‌ឡាត ជា​បង​របស់​នាង​នេបា‌យ៉ូត ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​អ៊ីស្មា‌អែល កូន​របស់​លោក​អប្រាហាំ។

10. លោក​យ៉ាកុប​ចាក​ចេញ​ពី​ក្រុង​បៀរ‌សេបា​ឆ្ពោះ​ទៅ​កាន់​ស្រុក​ខារ៉ាន។

11. ពេល​ថ្ងៃ​ជិត​លិច លោក​បាន​ទៅ​ដល់​កន្លែង​មួយ ហើយ​ស្នាក់​នៅ​ទី​នោះ។ លោក​បាន​យក​ថ្ម​មួយ​ដុំ​មក​កើយ រួច​សម្រាន្ត​លក់​នៅ​ទី​នោះ​ទៅ។

12. លោក​សុបិន​ឃើញ​មាន​ជណ្ដើរ​មួយ​បញ្ឈរ​លើ​ផែនដី ចុង​វា​ខ្ពស់​រហូត​ដល់​មេឃ ហើយ​មាន​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ នាំ​គ្នា​ចុះ​ឡើង​តាម​ជណ្ដើរ​នោះ។

13. ពេល​នោះ ព្រះ‌អម្ចាស់​គង់​នៅ​ក្បែរ​លោក មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អប្រាហាំ ជីតា​អ្នក ហើយ​ក៏​ជា​ព្រះ​របស់​អ៊ីសាក​ដែរ។ យើង​នឹង​ប្រគល់​ទឹក​ដី​ដែល​អ្នក​ដេក​លើ​នេះ​ដល់​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។

14. ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី។ ទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​ទៅ​ទិស​ខាង​លិច ទិស​ខាង​កើត ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​បាន​ទទួល​ពរ​ដោយ‌សារ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។

15. ចំពោះ​យើង​ផ្ទាល់ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ថែ‌រក្សា​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ដ្បិត​យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ គឺ​យើង​នឹង​សម្រេច​អ្វី​ទាំង​អស់​តាម​ពាក្យ​ដែល​យើង​សន្យា​នេះ»។

16. លោក​យ៉ាកុប​ភ្ញាក់​ឡើង ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​គង់​នៅ​កន្លែង​នេះ​មែន តែ​ខ្ញុំ​មិន​ដឹង​សោះ!»។

17. លោក​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «កន្លែង​នេះ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់! គឺ​ពិត​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពិត​ជា​ទ្វារ​នៃ​ស្ថាន​បរម‌សុខ!»។

18. លោក​យ៉ាកុប​ក្រោក​ឡើង​ពី​ព្រលឹម យក​ដុំ​ថ្ម​ដែល​លោក​កើយ​នោះ មក​ដាក់​បញ្ឈរ​ជា​ស្តូប រួច​ចាក់​ប្រេង​ពី​លើ។

19. លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា«បេត‌អែល»។ ប៉ុន្តែ កាល​ពី​ដើម គេ​ហៅ​កន្លែង​នោះ​ថា «លូស»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 28