គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 28:1-7 Khmer Standard Version (KHSV)

1. លោក​អ៊ីសាក​បាន​ហៅ​លោក​យ៉ាកុប​មក​ឲ្យ​ពរ ហើយ​ហាម​ថា៖ «កូន​មិន​ត្រូវ​យក​ស្ត្រី​សាសន៍​កាណាន​ធ្វើ​ជា​ភរិយា​ទេ។

2. ចូរ​កូន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ជីតា​ខាង​ម្ដាយ​របស់​កូន នៅ​ប៉ាដាន់-‌អើរ៉ាម ហើយ​រក​ប្រពន្ធ​ពី​ចំណោម​កូន​ស្រី​របស់​លោក​ឡាបាន់ ដែល​ត្រូវ​ជា​ឪពុក​ធំ​របស់​កូន​នោះ​វិញ។

3. សូម​ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ប្រទាន​ពរ​កូន ឲ្យ​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ចំនួន​ធំ!

4. សូម​ព្រះ‌អង្គ​ប្រទាន​ពរ​កូន និង​ពូជ‌ពង្ស​កូន ដូច​ទ្រង់​បាន​ប្រទាន​ដល់​លោក​អប្រាហាំ កាល​ពី​មុន​ដែរ ដើម្បី​ឲ្យ​កូន​ទទួល​ទឹក​ដី​ដែល​កូន​ស្នាក់​អាស្រ័យ​នៅ​នេះ ទុក​ជា​កម្មសិទ្ធិ គឺ​ជា​ទឹក​ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ដល់​លោក​អប្រាហាំ!»។

5. បន្ទាប់​មក លោក​អ៊ីសាក​ឲ្យ​លោក​យ៉ាកុប​ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម គឺ​ទៅ​ផ្ទះ​លោក​ឡាបាន់​ជា​កូន​របស់​លោក​បេធូ‌អែល ជន‌ជាតិ​អារ៉ាម ដែល​ត្រូវ​ជា​បង​ប្រុស​របស់​លោក​ស្រី​រេបិកា ម្ដាយ​របស់​លោក​យ៉ាកុប និង​លោក​អេសាវ។

6. លោក​អេសាវ​ឃើញ​លោក​អ៊ីសាក​ឲ្យ​ពរ​លោក​យ៉ាកុប និង​ចាត់​គាត់​ឲ្យ​ទៅ​រក​ប្រពន្ធ​នៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម ទាំង​ផ្ដែផ្ដាំ​នៅ​ពេល​ឲ្យ​ពរ​នោះ​ថា កុំ​យក​ស្ត្រី​សាសន៍​កាណាន​មក​ធ្វើ​ជា​ភរិយា

7. គាត់​ឃើញ​លោក​យ៉ាកុប​ធ្វើ​តាម​បង្គាប់​ឪពុក‌ម្ដាយ ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 28