គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 27:36-46 Khmer Standard Version (KHSV)

36. លោក​អេសាវ​ពោល​ថា៖ «គេ​ដាក់​ឈ្មោះ​វា​ថា “យ៉ាកុប” ដូច្នេះ​ត្រូវ​ហើយ ព្រោះ​វា​បាន​បោក​បញ្ឆោត​ខ្ញុំ​ដល់​ទៅ​ពីរ​ដង គឺ​វា​ដណ្ដើម​យក​សិទ្ធិ​ជា​កូន​ច្បង​ពី​ខ្ញុំ រួច​ស្រេច​ទៅ​ហើយ ឥឡូវ​នេះ វា​បោក​យក​ពរ​ពី​ខ្ញុំ​ទៀត! តើ​លោក​ឪពុក​នៅ​មាន​សល់​ពរ​ណា​ទៀត​សម្រាប់​កូន​ឬ​ទេ?»។

37. លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេសាវ​វិញ​ថា៖ «ឪពុក​បាន​ឲ្យ​វា​ធ្វើ​ជា​ម្ចាស់​លើ​កូន​ឯង និង​ឲ្យ​បង‌ប្អូន​របស់​វា​ទាំង​អស់​ទៅ​ជា​អ្នក​បម្រើ​របស់​វា​ហើយ។ ឪពុក​ក៏​បាន​ឲ្យ​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​វា​ដែរ ដូច្នេះ ឪពុក​មិន​អាច​ធ្វើ​អ្វី​ទៀត​សម្រាប់​កូន​ទេ»។

38. លោក​អេសាវ​អង្វរ​ឪពុក​ទៀត​ថា៖ «តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​កូន​ផង​ដែរ!»។ ពេល​នោះ លោក​អេសាវ​ទ្រហោ​យំ។

39. លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​តប​ទៅ​គាត់​វិញ​ថា៖«កូន​នឹង​រស់​នៅ​លើ​ដី​ដែល​គ្មាន​ជី‌ជាតិហើយ​ក៏​គ្មាន​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក​ដែរ។

40. កូន​នឹង​ចិញ្ចឹម​ជីវិត​ដោយ​មុខ​ដាវកូន​នឹង​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ប្អូន​កូនក៏​ប៉ុន្តែ សន្សឹមៗ​កូន​នឹង​រើ‌បម្រះ​ចេញ​ផុត​ពីនឹម​របស់​ប្អូន​កូន»។

41. លោក​អេសាវ​ចង​គំនុំ​លោក​យ៉ាកុប​យ៉ាង​ខ្លាំង ព្រោះ​លោក​យ៉ាកុប​បាន​ទទួល​ពរ​ពី​ឪពុក។ គាត់​គិត​នៅ​ក្នុង​ចិត្ត​ថា៖ «ឪពុក​អញ​នឹង​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ពេល​ឆាប់ៗ ចាំ​ដល់​ពេល​នោះ សឹម​អញ​សម្លាប់​យ៉ាកុប​ចោល»។

42. មាន​គេ​ជម្រាប​លោក​ស្រី​រេបិកា​អំពី​បំណង​កូន​ច្បង​របស់​គាត់ គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​លោក​យ៉ាកុប ជា​កូន​ពៅ មក​ប្រាប់​ថា៖ «មើល៍ អេសាវ​បង​របស់​កូន​ចង់​សម្លាប់​កូន ដើម្បី​សង​គំនុំ។

43. ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ម្ដាយ គឺ​កូន​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​នៅ​ជា​មួយ​លោក​ឡាបាន់ ជា​ឪពុក​ធំ​របស់​កូន នៅ​ឯ​ស្រុក​ខារ៉ាន​ទៅ។

44. កូន​ត្រូវ​ទៅ​នៅ​ជា​មួយ​គាត់​មួយ​រយៈ​សិន ទំរាំ​បង​របស់​កូន​ត្រជាក់​ចិត្ត​វិញ។

45. ពេល​ណា​បង​របស់​កូន​បាត់​ខឹង​នឹង​កូន ព្រម​ទាំង​ភ្លេច​នូវ​អំពើ​ដែល​កូន​បាន​ប្រព្រឹត្ត​ចំពោះ​វា​ហើយ​នោះ ម្ដាយ​នឹង​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​កូន​មក​វិញ ដ្បិត​ម្ដាយ​មិន​ចង់​ឲ្យ​កូន​ទាំង​ពីរ​នាក់​បាត់​បង់​ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ​ឡើយ»។

46. លោក​ស្រី​រេបិកា​ជម្រាប​លោក​អ៊ីសាក​ថា៖ «ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ស្ត្រី​ជន‌ជាតិ​ហេត​នេះ​ណាស់។ បើ​យ៉ាកុប​រៀប‌ការ​នឹង​ស្ត្រី​ជន‌ជាតិ​ហេត​នៅ​ស្រុក​នេះ​ដែរ នោះ​ជីវិត​ខ្ញុំ​នឹង​គ្មាន​ន័យ​អ្វី​ទៀត​ឡើយ!»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 27