គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 27:33-42 Khmer Standard Version (KHSV)

33. លោក​អ៊ីសាក​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង សួរ​ថា៖ «តើ​អ្នក​ដែល​បាន​បាញ់​សត្វ​យក​មក​ឲ្យ​ឪពុក អំបាញ់‌មិញ​នេះ ជា​នរណា? មុន​កូន​មក​ដល់ ឪពុក​បាន​បរិភោគ​អស់​ស្រេច​ទៅ​ហើយ ឪពុក​ក៏​ឲ្យ​ពរ​វា វា​នឹង​ទទួល​ពរ​រហូត»។

34. ពេល​លោក​អេសាវ​ឮ​ពាក្យ​របស់​ឪពុក​ដូច្នេះ ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំង ព្រោះ​ក្ដៅ​ក្រហាយ​ពេក គាត់​អង្វរ​ឪពុក​ថា៖ «លោក​ឪពុក សូម​ឲ្យ​ពរ​មក​កូន​ផង​ដែរ!»។

35. លោក​អ៊ីសាក​ឆ្លើយ​វិញ​ថា៖ «ប្អូន​របស់​កូន​បាន​ប្រើ​កល‌ល្បិច ដណ្ដើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ!»។

36. លោក​អេសាវ​ពោល​ថា៖ «គេ​ដាក់​ឈ្មោះ​វា​ថា “យ៉ាកុប” ដូច្នេះ​ត្រូវ​ហើយ ព្រោះ​វា​បាន​បោក​បញ្ឆោត​ខ្ញុំ​ដល់​ទៅ​ពីរ​ដង គឺ​វា​ដណ្ដើម​យក​សិទ្ធិ​ជា​កូន​ច្បង​ពី​ខ្ញុំ រួច​ស្រេច​ទៅ​ហើយ ឥឡូវ​នេះ វា​បោក​យក​ពរ​ពី​ខ្ញុំ​ទៀត! តើ​លោក​ឪពុក​នៅ​មាន​សល់​ពរ​ណា​ទៀត​សម្រាប់​កូន​ឬ​ទេ?»។

37. លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេសាវ​វិញ​ថា៖ «ឪពុក​បាន​ឲ្យ​វា​ធ្វើ​ជា​ម្ចាស់​លើ​កូន​ឯង និង​ឲ្យ​បង‌ប្អូន​របស់​វា​ទាំង​អស់​ទៅ​ជា​អ្នក​បម្រើ​របស់​វា​ហើយ។ ឪពុក​ក៏​បាន​ឲ្យ​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​វា​ដែរ ដូច្នេះ ឪពុក​មិន​អាច​ធ្វើ​អ្វី​ទៀត​សម្រាប់​កូន​ទេ»។

38. លោក​អេសាវ​អង្វរ​ឪពុក​ទៀត​ថា៖ «តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​កូន​ផង​ដែរ!»។ ពេល​នោះ លោក​អេសាវ​ទ្រហោ​យំ។

39. លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​តប​ទៅ​គាត់​វិញ​ថា៖«កូន​នឹង​រស់​នៅ​លើ​ដី​ដែល​គ្មាន​ជី‌ជាតិហើយ​ក៏​គ្មាន​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក​ដែរ។

40. កូន​នឹង​ចិញ្ចឹម​ជីវិត​ដោយ​មុខ​ដាវកូន​នឹង​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ប្អូន​កូនក៏​ប៉ុន្តែ សន្សឹមៗ​កូន​នឹង​រើ‌បម្រះ​ចេញ​ផុត​ពីនឹម​របស់​ប្អូន​កូន»។

41. លោក​អេសាវ​ចង​គំនុំ​លោក​យ៉ាកុប​យ៉ាង​ខ្លាំង ព្រោះ​លោក​យ៉ាកុប​បាន​ទទួល​ពរ​ពី​ឪពុក។ គាត់​គិត​នៅ​ក្នុង​ចិត្ត​ថា៖ «ឪពុក​អញ​នឹង​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ពេល​ឆាប់ៗ ចាំ​ដល់​ពេល​នោះ សឹម​អញ​សម្លាប់​យ៉ាកុប​ចោល»។

42. មាន​គេ​ជម្រាប​លោក​ស្រី​រេបិកា​អំពី​បំណង​កូន​ច្បង​របស់​គាត់ គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​លោក​យ៉ាកុប ជា​កូន​ពៅ មក​ប្រាប់​ថា៖ «មើល៍ អេសាវ​បង​របស់​កូន​ចង់​សម្លាប់​កូន ដើម្បី​សង​គំនុំ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 27