គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 27:15-27 Khmer Standard Version (KHSV)

15. បន្ទាប់​មក លោក​ស្រី​រេបិកា​យក​សម្លៀក‌បំពាក់​របស់​លោក​អេសាវ​ជា​កូន​ច្បង គឺ​សម្លៀក‌បំពាក់​ស្អាត​ជាង​គេ​នៅ​ក្នុង​ផ្ទះ មក​ពាក់​ឲ្យ​លោក​យ៉ាកុប ជា​កូន​ពៅ។

16. គាត់​ក៏​យក​រោម​ពពែ​មក​រុំ​ដៃ និង​រុំ​ក​របស់​លោក​យ៉ាកុប ត្រង់​កន្លែង​ដែល​គ្មាន​រោម។

17. បន្ទាប់​មក​ទៀត គាត់​យក​ម្ហូប​ដ៏​ឆ្ងាញ់ និង​នំប៉័ង​ដែល​គាត់​បាន​ធ្វើ មក​ឲ្យ​លោក​យ៉ាកុប​ជា​កូន​កាន់។

18. លោក​យ៉ាកុប​យក​ទៅ​ជូន​ឪពុក ទាំង​ពោល​ថា៖ «លោក​ឪពុក!»។ លោក​អ៊ីសាក​ឆ្លើយ​ឡើង​ថា៖ «ឪពុក​នៅ​ឯ‌ណេះ! តើ​កូន​ណា​មួយ​ហ្នឹង?»។

19. លោក​យ៉ាកុប​ឆ្លើយ​ទៅ​ឪពុក​វិញ​ថា៖ «ខ្ញុំ​ជា​អេសាវ កូន​ច្បង​របស់​លោក​ឪពុក កូន​ធ្វើ​ដូច​លោក​ឪពុក​បាន​ប្រាប់ សូម​លោក​ឪពុក​ក្រោក​ឡើង ហើយ​អញ្ជើញ​ពិសា​សាច់​ដែល​កូន​បាន​បាញ់​ពី​ព្រៃ​សិន រួច​សឹម​ឲ្យ​ពរ​កូន»។

20. លោក​អ៊ីសាក​តប​វិញ​ថា៖ «កូន​បាញ់​សត្វ​បាន​រហ័ស​ណាស់!»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «មក​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​ឪពុក បាន​ជួយ​កូន»។

21. លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​លោក​យ៉ាកុប​ទៀត​ថា៖ «ចូរ​កូន​ខិត​មក​ជិត​ឪពុក​បន្តិច ឪពុក​នឹង​ស្ទាប​មើល ដើម្បី​ឲ្យ​ដឹង​ថា កូន​ពិត​ជា​អេសាវ​មែន ឬ​មិន​មែន»។

22. លោក​យ៉ាកុប​ចូល​ទៅ​ជិត​លោក​អ៊ីសាក ជា​ឪពុក ហើយ​លោក​ក៏​ស្ទាប​មើល​គាត់ ទាំង​ពោល​ថា៖ «សំឡេង​ជា​សំឡេង​យ៉ាកុប តែ​ដៃ​ជា​ដៃ​របស់​អេសាវ»។

23. លោក​ពុំ​បាន​ដឹង​ថា​ជា​លោក​យ៉ាកុប​ទេ ព្រោះ​ដៃ​គាត់​មាន​រោម​ដូច​ដៃ​របស់​លោក​អេសាវ​ដែរ។ ប៉ុន្តែ មុន​នឹង​ឲ្យ​ពរ

24. លោក​សួរ​បញ្ជាក់​ថា៖ «កូន​ពិត​ជា​អេសាវ​មែន​ឬ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «បាទ​មែន!»។

25. លោក​អ៊ីសាក​ក៏​មាន​ប្រសាសន៍​ថា៖ «លើក​ម្ហូប​ឲ្យ​ឪពុក​មក ឪពុក​នឹង​បរិភោគ​សាច់​ដែល​កូន​បាញ់​បាន រួច​សឹម​ឪពុក​ឲ្យ​ពរ​កូន»។ លោក​យ៉ាកុប​រៀបចំ​ជូន​ឪពុក​ពិសា គាត់​បាន​ចាក់​ស្រា​ទំពាំង‌បាយជូរ​ជូន​លោក​ពិសា​ដែរ។

26. បន្ទាប់​មក លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត​ឪពុក ហើយ​ថើប​ឪពុក​សិន»។

27. លោក​យ៉ាកុប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ លោក​អ៊ីសាក​ស្គាល់​ក្លិន​សម្លៀក‌បំពាក់​របស់​លោក​អេសាវ ក៏​ឲ្យ​ពរ​លោក​យ៉ាកុប ដូច​ត​ទៅ​នេះ៖«ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចម្ការមួយ​ដែល​ទទួល​ពរ​ពី​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 27