គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 27:1-14 Khmer Standard Version (KHSV)

1. លោក​អ៊ីសាក​មាន​វ័យ​ចាស់​ជរា ហើយ​ភ្នែក​របស់​លោក​ចុះ​អន់‌ថយ រហូត​មើល​លែង​ឃើញ​ទៀត។ ពេល​នោះ លោក​ហៅ​លោក​អេសាវ ជា​កូន​ច្បង មក​ថា៖ «កូន​អើយ!»។ លោក​អេសាវ​តប​មក​វិញ​ថា៖ «បាទ លោក​ឪពុក!»។

2. លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ឪពុក​ចាស់​ហើយ ពុំ​ដឹង​ជា​ស្លាប់​ថ្ងៃ​ណា​ទេ។

3. ហេតុ​នេះ ចូរ​កូន​យក​ប្រដាប់​បរ​បាញ់ គឺ​ព្រួញ និង​ធ្នូ ចេញ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ យក​សាច់​មក​ឲ្យ​ឪពុក។

4. បន្ទាប់​មក ចូរ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ឪពុក​ចូល​ចិត្ត ហើយ​យក​មក​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន មុន​ពេល​ឪពុក​ស្លាប់»។

5. ពេល​លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេសាវ លោក​ស្រី​រេបិកា​ក៏​បាន​លួច​ស្ដាប់​ដែរ។ លោក​អេសាវ​ចេញ​ដំណើរ​ទៅ​ព្រៃ ដើម្បី​បរ​បាញ់​សត្វ​នាំ​យក​មក​ផ្ទះ​វិញ។

6. ពេល​នោះ លោក​ស្រី​រេបិកា​ពោល​ទៅ​កាន់​លោក​យ៉ាកុប ជា​កូន​ថា៖ «ម្ដាយ​បាន​ឮ​ឪពុក​កូន​និយាយ​ទៅ​កាន់​អេសាវ ជា​បង​របស់​កូន​ថា

7. “ចូរ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ​យក​មក ហើយ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន​នៅ​មុខ​ព្រះ‌អម្ចាស់ មុន​ពេល​ឪពុក​ស្លាប់”។

8. ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ពាក្យ​ដែល​ម្ដាយ​ប្រាប់​ឲ្យ​ធ្វើ។

9. ចូរ​ទៅ​យក​កូន​ពពែ​ធាត់​ល្អៗ​ពីរ​មក ម្ដាយ​នឹង​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​ឪពុក​កូន​ចូល​ចិត្ត។

10. បន្ទាប់​មក កូន​នឹង​យក​ម្ហូប​នោះ​ជូន​ឪពុក​ពិសា គាត់​នឹង​ឲ្យ​ពរ​កូន​មុន​ពេល​គាត់​ស្លាប់»។

11. លោក​យ៉ាកុប​តប​ទៅ​លោក​ស្រី​រេបិកា ជា​ម្ដាយ​វិញ​ថា៖ «បង​អេសាវ​មាន​រោម​ពេញ​ខ្លួន តែ​កូន​អត់​មាន​ទេ។

12. ប្រសិន​បើ​លោក​ឪពុក​ស្ទាប​កូន ហើយ​ឃើញ​ថា​កូន​បញ្ឆោត​លោក នោះ​កូន​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន គឺ​មិន​មែន​ទទួល​ពរ​ទេ»។

13. ម្ដាយ​តប​មក​វិញ​ថា៖ «កូន​អើយ ទុក​ឲ្យ​បណ្ដាសា​នោះ​ធ្លាក់​មក​លើ​ម្ដាយ​ចុះ! រីឯ​កូន​គ្រាន់​តែ​ស្ដាប់​ពាក្យ​ម្ដាយ​ប៉ុណ្ណោះ ចូរ​ទៅ​យក​កូន​ពពែ​មក»។

14. លោក​យ៉ាកុប​ក៏​ទៅ​យក​កូន​ពពែ​មក​ជូន​ម្ដាយ ហើយ​ម្ដាយ​ក៏​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​ឪពុក​ចូល​ចិត្ត។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 27