គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 26:25-31 Khmer Standard Version (KHSV)

25. លោក​អ៊ីសាក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​គោរព​បម្រើ​ព្រះ‌អង្គ ដោយ​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា​ព្រះ‌អម្ចាស់។ លោក​បាន​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​អ្នក​បម្រើ​របស់​លោក​ក៏​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​នៅ​ទី​នោះ​ដែរ។

26. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ចេញ​ពី​ក្រុង​កេរ៉ា​មក​ជួប​លោក​អ៊ីសាក ដោយ​មាន​លោក​អហ៊ូ‌សាត​ជា​ទី​ប្រឹក្សា​របស់​ស្ដេច និង​លោក​ភីកុល ជា​មេ‌ទ័ព​របស់​ស្ដេច​មក​ជា​មួយ​ផង។

27. លោក​អ៊ីសាក​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌រាជា និង​អស់​លោក​យាង និង​អញ្ជើញ​មក​ជួប​ទូលបង្គំ​ដូច្នេះ ដ្បិត​ព្រះ‌រាជា និង​អស់​លោក​ស្អប់​ទូលបង្គំ ព្រម​ទាំង​បណ្ដេញ​ទូលបង្គំ​ចេញ​ពី​ស្រុក​របស់​ព្រះ‌រាជា និង​អស់​លោក​ថែម​ទៀត​ផង!»។

28. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច និង​អស់​អ្នក​ដែល​មក​ជា​មួយ​ស្ដេច​តប​ទៅ​លោក​វិញ​ថា៖ «យើង​សង្កេត​ឃើញ​ថា ព្រះ‌អម្ចាស់​ពិត​ជា​គង់​ជា​មួយ​លោក​មែន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​គិត​គ្នា​ថា យើង​គួរ​តែ​ធ្វើ​កិច្ច​សន្យា​មួយ ដោយ​យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា។

29. រីឯ​លក្ខ‌ខណ្ឌ​នៃ​សម្ពន្ធ‌មេត្រី​នោះ គឺ​សូម​លោក​ស្បថ​នឹង​យើង​ថា លោក​មិន​ប្រព្រឹត្ត​អំពើ​អ្វី​ទាស់​នឹង​យើង ហើយ​យើង​ក៏​ស្បថ​មិន​ធ្វើ​បាប​លោក​ដែរ។ យើង​តែងតែ​ប្រព្រឹត្ត​ល្អ​ចំពោះ​លោក និង​ឲ្យ​លោក​ចាក​ចេញ​មក ដោយ​សុខ‌សាន្ត ហើយ​ឥឡូវ​នេះ លោក​ក៏​បាន​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌អម្ចាស់​ថែម​ទៀត​ផង»។

30. លោក​អ៊ីសាក​ធ្វើ​ពិធី​ជប់‌លៀង​ថ្វាយ​ស្ដេច និង​ជូន​លោក​ទាំង​នោះ ហើយ​ពួក​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា។

31. បន្ទាប់​មក ពួក​គេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្បថ​សន្យា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​អ៊ីសាក​ជូន​ដំណើរ​ស្ដេច និង​អស់​លោក​ដែល​មក​ជា​មួយ ហើយ​ពួក​គេ​នាំ​គ្នា​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 26