គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 25:22-34 Khmer Standard Version (KHSV)

22. ដោយ​ទារក​កំរើក​ប៉ះ​គ្នា​នៅ​ក្នុង​ផ្ទៃ គាត់​ក៏​ពោល​ថា៖ «ម្ដេច​ក៏​ខ្ញុំ​កើត​អ៊ីចឹង?»។ គាត់​ទៅ​សួរ​ព្រះ‌អម្ចាស់។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖«នៅ​ក្នុង​ផ្ទៃ​នាង​មាន​ប្រជា‌ជាតិ​ពីរសាសន៍​ពីរ​ខុស​គ្នា​នឹង​កើត​ចេញ​ពី​នាងសាសន៍​មួយ​នឹង​ខ្លាំង​ជាង​សាសន៍​មួយ​ទៀតកូន​ច្បង​នឹង​ធ្វើ​ជា​រណប​របស់​កូន​ប្អូន»។

24. ពេល​គាត់​គ្រប់​ខែ​ហើយ កូន​ភ្លោះ​ក៏​កើត​ចេញ​ពី​គាត់​មែន។

25. កូន​ទី​មួយ​កើត​ចេញ​មក​មាន​ពណ៌​ក្រហម ស្បែក​ដូច​រោម​សត្វ។ គេ​ដាក់​ឈ្មោះ​ថា “អេសាវ”។

26. បន្ទាប់​មក​ទៀត កូន​ប្អូន​ក៏​កើត​មក​ទាំង​តោង​កែង​ជើង​របស់​អេសាវ​ជាប់។ គេ​ដាក់​ឈ្មោះ​ថា “យ៉ាកុប”។ នៅ​ពេល​កូន​ទាំង​ពីរ​កើត​មក​នោះ លោក​អ៊ីសាក​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ។

27. កូន​ប្រុស​ទាំង​ពីរ​មាន​វ័យ​ចម្រើន​ធំ​ឡើង។ អេសាវ​ក៏​បាន​ទៅ​ជា​អ្នក​ប្រមាញ់​ដ៏​ស្ទាត់​ជំនាញ គាត់​ចូល​ចិត្ត​នៅ​តាម​ទី​វាល។ រីឯ​យ៉ាកុប​វិញ គាត់​ចូល​ចិត្ត​ស្ងៀម​ស្ងាត់ ហើយ​នៅ​តែ​ក្នុង​ជំរំ។

28. លោក​អ៊ីសាក​ស្រឡាញ់​អេសាវ​ជាង ព្រោះ​គាត់​ចូល​ចិត្ត​ពិសា​សាច់​សត្វ​ដែល​គេ​បរ​បាញ់។ រីឯ​លោក​ស្រី​រេបិកា​វិញ គាត់​ស្រឡាញ់​យ៉ាកុប។

29. ថ្ងៃ​មួយ លោក​យ៉ាកុប​កំពុង​ស្ល​សម្ល ហើយ​លោក​អេសាវ​វិល​ត្រឡប់​មក​ពី​វាល​វិញ ទាំង​ហេវ‌ហត់​ជា​ខ្លាំង។

30. លោក​អេសាវ​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «បង​សុំ​សម្ល​ក្រហម​នោះ​ញ៉ាំ​បន្តិច​មក បង​អស់​កម្លាំង​ណាស់» (ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គាត់​ថា “អេដុម” មាន​ន័យ​ថា មនុស្ស​ពណ៌​ក្រហម)។

31. លោក​យ៉ាកុប​តប​វិញ​ថា៖ «សូម​លក់​សិទ្ធិ​ជា​កូន​ច្បង​មក​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នេះ​សិន​មក»។

32. លោក​អេសាវ​តប​ថា៖ «បង​ដាច់​ពោះ​ស្លាប់​ឥឡូវ​ហើយ តើ​សិទ្ធិ​ជា​កូន​ច្បង​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​បង?»។

33. លោក​យ៉ាកុប​ពោល​ថា៖ «ដូច្នេះ ចូរ​ស្បថ​ឲ្យ​ខ្ញុំ​សិន»។ លោក​អេសាវ​ក៏​ស្បថ​លក់​សិទ្ធិ​ជា​កូន​ច្បង​ឲ្យ​លោក​យ៉ាកុប។

34. លោក​យ៉ាកុប​យក​នំប៉័ង ព្រម​ទាំង​សម្ល​សណ្ដែក​ក្រហម មក​ជូន​គាត់​ពិសា។ លោក​អេសាវ​ពិសា​បាយ​ទឹក រួច​ចាក​ចេញ​ទៅ។ គាត់​បាន​មាក់‌ងាយ​សិទ្ធិ​របស់​ខ្លួន​ជា​កូន​ច្បង។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 25