គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 24:19-36 Khmer Standard Version (KHSV)

19. ពេល​នាង​ឲ្យ​គាត់​ពិសា​ទឹក​រួច​ហើយ ក៏​ពោល​ថា៖ «នាង​ខ្ញុំ​នឹង​ទៅ​ដង​ទឹក​ឲ្យ​អូដ្ឋ​លោក​ម្ចាស់​ផឹក​ដែរ ទាល់​តែ​វា​បាន​ឆ្អែត​គ្រប់​គ្រាន់»។

20. នាង​ក៏​ប្រញាប់‌ប្រញាល់​ចាក់​ទឹក​ទៅ​ក្នុង​ស្នូក​សត្វ រួច​នាង​រត់​ទៅ​ដង​ពី​អណ្ដូង​មក​ទៀត គឺ​នាង​បាន​ដង​ទឹក​ឲ្យ​អូដ្ឋ​ទាំង​អស់​ផឹក។

21. បុរស​នោះ​សម្លឹង​មើល​នាង ហើយ​នឹក​ក្នុង​ចិត្ត​ចង់​ដឹង​ថា តើ​ព្រះ‌ជាម្ចាស់​ប្រោស​ឲ្យ​ដំណើរ​របស់​គាត់​បាន​សម្រេច​តាម​បំណង មែន​ឬ​យ៉ាង​ណា។

22. កាល​អូដ្ឋ​បាន​ផឹក​ទឹក​ឆ្អែត​ហើយ អ្នក​បម្រើ​នោះ​ក៏​យក​ចិញ្ចៀន​មាស​មួយ​វង់ ទម្ងន់​មួយ​ជី​កន្លះ មក​ឲ្យ​នាង រួច​យក​កង‌ដៃ​មាស​មួយ​គូ ដែល​មាន​ទម្ងន់​បី​តម្លឹង មក​ពាក់​ឲ្យ​នាង​ដែរ។

23. គាត់​សួរ​នាង​ថា៖ «នាង​ត្រូវ​ជា​កូន​ចៅ​របស់​លោក​ណា? សូម​មេត្តា​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង។ តើ​នៅ​ផ្ទះ​ឪពុក​នាង មាន​កន្លែង​ឲ្យ​យើង​ខ្ញុំ​ស្នាក់​នៅ​យប់​នេះ​បាន​ឬ​ទេ?»។

24. នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​យាយ​មីលកា និង​លោក​តា​ណាឃរ»។

25. នាង​ពោល​ទៀត​ថា៖ «នៅ​ផ្ទះ​យើង​មាន​ចំបើង និង​ស្មៅ​ស្ងួត​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ក៏​មាន​កន្លែង​ជូន​អស់​លោក​ស្នាក់​ដែរ»។

26. បុរស​នោះ​លុត​ជង្គង់​ចុះ ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់

27. ទាំង​ពោល​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ម្ចាស់​ខ្ញុំ ដែល​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​សន្តោស​មេត្តា និង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​លោក​ម្ចាស់​ខ្ញុំ​ជា‌និច្ច! ព្រះ‌អម្ចាស់​នាំ​ផ្លូវ​ខ្ញុំ រហូត​ដល់​បាន​មក​ជួប​បង‌ប្អូន​លោក​ម្ចាស់​ខ្ញុំ»។

28. នាង​ក្រមុំ​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ម្ដាយ។

29. នាង​រេបិកា​មាន​បង​ប្រុស​ម្នាក់ ឈ្មោះ​ឡាបាន់ ឡាបាន់​ក៏​រត់​ចេញ​ទៅ​រក​បុរស​នោះ នៅ​ខាង​ក្រៅ ជិត​អណ្ដូង​ទឹក

30. ព្រោះ​គាត់​បាន​ឃើញ​ចិញ្ចៀន និង​កង‌ដៃ​ដែល​ពាក់​នៅ​នឹង​ដៃ​របស់​ប្អូន​ស្រី ហើយ​គាត់​ក៏​បាន​ឮ​នាង​រេបិកា​ជា​ប្អូន​រៀប​រាប់​នូវ​សេចក្ដី​ដែល​បុរស​នោះ​និយាយ។ គាត់​ក៏​ទៅ​ជួប​បុរស​នោះ ដែល​ឈរ​នៅ​ជា​មួយ​អូដ្ឋ ជិត​អណ្ដូង​ទឹក។

31. គាត់​ពោល​ថា៖ «អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ​អើយ សូម​អញ្ជើញ​មក ម្ដេច​ឈរ​នៅ​ខាង​ក្រៅ​ដូច្នេះ? ខ្ញុំ​បាន​រៀបចំ​ផ្ទះ​ជូន​លោក ហើយ​ក៏​បាន​រៀបចំ​កន្លែង​មួយ​សម្រាប់​អូដ្ឋ​ដែរ»។

32. បុរស​នោះ​ចូល​ទៅ​ក្នុង​ផ្ទះ គេ​យក​របស់​របរ​ចុះ​ពី​ខ្នង​អូដ្ឋ រួច​ដាក់​ចំបើង និង​ស្មៅ​ឲ្យ​វា​ស៊ី ហើយ​យក​ទឹក​មក​លាង​ជើង​ឲ្យ​បុរស​នោះ ព្រម​ទាំង​ឲ្យ​អស់​អ្នក​ដែល​មក​ជា​មួយ​ដែរ។

33. បន្ទាប់​មក គេ​យក​ម្ហូប​អាហារ​ជូន​គាត់​ពិសា។ ប៉ុន្តែ គាត់​ពោល​ថា៖ «ខ្ញុំ​មិន​ទទួល​ទាន​ទេ ដរាប​ណា​មិន​ទាន់​បាន​ជម្រាប​ជូន​នូវ​សេចក្ដី ដែល​ខ្ញុំ​ត្រូវ​និយាយ​នេះ​សិន»។ ឡាបាន់​តប​ថា៖ «សូម​អញ្ជើញ​មាន​ប្រសាសន៍​មក!»។

34. បុរស​នោះ​ក៏​ពោល​ឡើង​ថា៖ «ខ្ញុំ​បាទ​ជា​អ្នក​បម្រើ​របស់​លោក​អប្រាហាំ។

35. ព្រះ‌អម្ចាស់​បាន​ប្រទាន​ពរ​ដល់​ម្ចាស់​ខ្ញុំ​យ៉ាង​ច្រើន រហូត​ដល់​លោក​បាន​ទៅ​ជា​អ្នក​មាន​ឋានៈ​ខ្ពស់។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​លោក​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ មាន​ប្រាក់ មាស អ្នក​បម្រើ​ស្រី​ប្រុស អូដ្ឋ និង​លា​ជា​ច្រើន​ផង។

36. ក្នុង​គ្រា​ដែល​ម្ចាស់​របស់​ខ្ញុំ​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ លោក​ស្រី​សារ៉ា ជា​ភរិយា បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក គឺ​កូន​ប្រុស​នេះ​ហើយ ដែល​នឹង​ទទួល​អ្វីៗ​ទាំង​អស់​ពី​លោក។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 24