គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 23:1-11 Khmer Standard Version (KHSV)

1. លោក​ស្រី​សារ៉ា​រស់​បាន​ទាំង​អស់​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​ឆ្នាំ។

2. ក្រោយ​មក គាត់​ក៏​បាន​ទទួល​មរណ‌ភាព​នៅ​ក្រុង​គារយ៉ាត់-‌អើបា ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។ លោក​អប្រាហាំ​មក​រៀបចំ​បញ្ចុះ​សព​លោក​ស្រី​សារ៉ា និង​ធ្វើ​ពិធី​កាន់​ទុក្ខ។

3. បន្ទាប់​មក លោក​អប្រាហាំ​ចាក​ចេញ​ពី​សាក‌សព​ភរិយា​ទៅ​និយាយ​នឹង​ជន‌ជាតិ​ហេត​ដូច​ត​ទៅ៖

4. «ខ្ញុំ​ជា​ជន​បរទេស ដែល​មក​ស្នាក់​នៅ​ជា​មួយ​បង‌ប្អូន។ សូម​បង‌ប្អូន​មេត្តា​ចែក​ដី​បញ្ចុះ​សព​មួយ​កន្លែង ក្នុង​ស្រុក​របស់​បង‌ប្អូន​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ ដែល​ទើប​នឹង​ចែក​ស្ថាន​ទៅ»។

5. ជន‌ជាតិ​ហេត​តប​មក​លោក​អប្រាហាំ​វិញ​ថា៖

6. «លោក​ម្ចាស់ សូម​មេត្តា​ស្ដាប់​យើង​ខ្ញុំ​សិន! ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​លោក​មាន​ឋានៈ​ខ្ពស់ ក្នុង​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយ សូម​លោក​បញ្ចុះ​សព​ភរិយា​របស់​លោក នៅ​ក្នុង​ចំណោម​ផ្នូរ​ដ៏​ល្អ​ណា​មួយ​របស់​យើង​ខ្ញុំ​ក៏​បាន។ ក្នុង​ចំណោម​យើង​ខ្ញុំ គ្មាន​នរណា​ម្នាក់​បដិសេធ​មិន​ឲ្យ​លោក​ប្រើ​ផ្នូរ​របស់​ខ្លួន សម្រាប់​បញ្ចុះ​សព​ភរិយា​របស់​លោក​ឡើយ»។

7. លោក​អប្រាហាំ​ក្រោក​ឡើង ហើយ​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ គឺ​នៅ​មុខ​ជន‌ជាតិ​ហេត។

8. លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​បង‌ប្អូន​ពិត​ជា​យល់​ព្រម​ឲ្យ​ខ្ញុំ​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នេះ​មែន សូម​មេត្តា​ជួយ​និយាយ​នឹង​លោក​អេប្រូន ជា​កូន​របស់​លោក​សូហារ​ឲ្យ​ខ្ញុំ​ផង

9. គឺ​សូម​ឲ្យ​គាត់​ផ្ទេរ​គុហា​ម៉ាកពេ‌ឡា ដែល​ជា​កម្មសិទ្ធិ​របស់​គាត់​មក​ខ្ញុំ គឺ​គុហា​ដែល​នៅ​ចុង​ចម្ការ​របស់​គាត់។ សូម​ឲ្យ​គាត់​លក់​គុហា​នោះ​មក​ខ្ញុំ គិត​តាម​តម្លៃ​ពិត​ប្រាកដ ដើម្បី​ខ្ញុំ​យក​ទី​បញ្ចុះ​សព​នោះ ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ នៅ​កណ្ដាល​ចំណោម​បង‌ប្អូន​ទាំង​អស់​គ្នា»។

10. លោក​អេប្រូន ជា​ជន‌ជាតិ​ហេត ក៏​អង្គុយ​រួម​ជា​មួយ​ជន​រួម​ជាតិ​របស់​គាត់​ឯ​ទៀតៗ​ដែរ។ គាត់​ឆ្លើយ​ទៅ​លោក​អប្រាហាំ​វិញ នៅ​ចំពោះ​មុខ​ជន‌ជាតិ​ហេត និង​នៅ​ចំពោះ​មុខ​មនុស្ស‌ម្នា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង​ថា៖

11. «លោក​ម្ចាស់ សូម​ស្ដាប់​ខ្ញុំ​ប្របាទ​សិន ខ្ញុំ​ប្របាទ​សូម​ប្រគល់​ដី​ចម្ការ ព្រម​ទាំង​គុហា​នៅ​ក្នុង​ចម្ការ​នោះ​ជូន​លោក​ម្ចាស់។ ខ្ញុំ​ប្របាទ​ជូន​លោក​ម្ចាស់​នៅ​ចំពោះ​មុខ​ជន‌ជាតិ​ខ្ញុំ​ប្របាទ​ទាំង​អស់។ សូម​លោក​ម្ចាស់​បញ្ចុះ​សព​ភរិយា​របស់​លោក​ម្ចាស់​នៅ​ទី​នោះ​ទៅ»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 23