គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 22:6-13 Khmer Standard Version (KHSV)

6. លោក​អប្រាហាំ​យក​អុស​សម្រាប់​ធ្វើ​យញ្ញ‌បូជា​មក​ឲ្យ​អ៊ីសាក​ជា​កូន​លី រីឯ​លោក​វិញ លោក​កាន់​ភ្លើង និង​កាំបិត ហើយ​ទាំង​ឪពុក​ទាំង​កូន​ដើរ​ទៅ​ជា​មួយ​គ្នា។

7. ពេល​នោះ អ៊ីសាក​ហៅ​លោក​អប្រាហាំ​ជា​ឪពុក​ថា៖ «ពុក!»។ លោក​ឆ្លើយ​ថា៖ «មាន​ការ​អី​កូន!»។ អ៊ីសាក​ពោល​ថា៖ «យើង​មាន​ភ្លើង មាន​អុស​ហើយ ចុះ​ចៀម​សម្រាប់​ធ្វើ​យញ្ញ‌បូជា​នៅ​ឯ​ណា?»។

8. លោក​អប្រាហាំ​ឆ្លើយ​ថា៖ «កូន​អើយ ព្រះ‌ជាម្ចាស់​ផ្ទាល់​នឹង​ផ្គត់‌ផ្គង់​ចៀម​សម្រាប់​ធ្វើ​យញ្ញ‌បូជា»។ បន្ទាប់​មក ទាំង​ឪពុក​ទាំង​កូន​ក៏​ដើរ​ទៅ​មុខ​ជា​មួយ​គ្នា។

9. លុះ​មក​ដល់​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ប្រាប់ លោក​អប្រាហាំ​សង់​អាសនៈ​មួយ ហើយ​យក​អុស​មក​គរ​ពី​លើ រួច​លោក​ចង​អ៊ីសាក ជា​កូន យក​ទៅ​ដាក់​ពី​លើ​គំនរ​អុស​នៅ​លើ​អាសនៈ​នោះ។

10. បន្ទាប់​មក លោក​អប្រាហាំ​ទាញ​កាំបិត​បម្រុង​នឹង​អារ-ក​កូន​ធ្វើ​យញ្ញ‌បូជា។

11. ពេល​នោះ ស្រាប់​តែ​ទេវតា​របស់​ព្រះ‌អម្ចាស់​ហៅ​លោក​ពី​លើ​មេឃ​មក​ថា៖ «អប្រាហាំ អប្រាហាំ​អើយ!»។ លោក​តប​ថា៖ «ក្រាប​ទូល!»។

12. ទេវតា​ពោល​ថា៖ «កុំ​ប្រហារ​ជីវិត​កូន​ឡើយ កុំ​ធ្វើ​អ្វី​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ យើង​ដឹង​ថា​អ្នក​ពិត​ជា​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​មែន គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន ដែល​អ្នក​មាន​តែ​មួយ​នេះ​មក​យើង​ឡើយ»។

13. លោក​អប្រាហាំ​ងើប​មុខ​ឡើង ក្រឡេក​ទៅ​ខាង​ក្រោយ ឃើញ​ចៀម​ឈ្មោល​មួយ​ជាប់​ស្នែង​នឹង​គុម្ពោត​ឈើ។ លោក​អប្រាហាំ​ក៏​ទៅ​យក​ចៀម​នោះ​មក ហើយ​ធ្វើ​យញ្ញ‌បូជា​ជំនួស​កូន​ប្រុស​របស់​លោក។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 22