គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 21:8-14 Khmer Standard Version (KHSV)

8. លុះ​អ៊ីសាក​បាន​ធំ​បន្តិច ហើយ​ត្រូវ​ផ្ដាច់​ដោះ លោក​អប្រាហាំ​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ នៅ​ថ្ងៃ​ផ្ដាច់​ដោះ​នោះ។

9. លោក​ស្រី​សារ៉ា​ឃើញ​អ៊ីស្មា‌អែល ជា​កូន​ដែល​នាង​ហាការ ស្ត្រី​សាសន៍​អេស៊ីប បង្កើត​ជូន​លោក​អប្រាហាំ កំពុង​តែ​សើច​លេង

10. គាត់​ជម្រាប​លោក​អប្រាហាំ​ថា៖ «សូម​បណ្ដេញ​ស្រី​បម្រើ​នេះ និង​កូន​វា​ចេញ​ទៅ ដ្បិត​មិន​ត្រូវ​ឲ្យ​កូន​របស់​ស្រី​បម្រើ​នេះ​ទទួល​មត៌ក​រួម​ជា​មួយ​អ៊ីសាក កូន​របស់​ខ្ញុំ​ឡើយ»។

11. ពាក្យ​នេះ​ធ្វើ​ឲ្យ​លោក​អប្រាហាំ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​អ៊ីស្មា‌អែល​ក៏​ជា​កូន​របស់​លោក​ដែរ។

12. ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ថា៖ «កុំ​ពិបាក​ចិត្ត ព្រោះ​តែ​ក្មេង​នេះ ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក​ឡើយ។ ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​អស់​ដែល​សារ៉ា​សុំ​នោះ​ទៅ ដ្បិត​មាន​តែ​កូន​ចៅ​របស់​អ៊ីសាក​ប៉ុណ្ណោះ​ទេ ដែល​នឹង​ស្នង​ត្រកូល​ឲ្យ​អ្នក។

13. រីឯ​កូន​ប្រុស​របស់​ស្រី​បម្រើ​នោះ​វិញ យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ ដ្បិត​វា​ក៏​ជា​ពូជ‌ពង្ស​របស់​អ្នក​ដែរ»។

14. ស្អែក​ឡើង​លោក​អប្រាហាំ​ក្រោក​ពី​ព្រលឹម យក​ស្បៀង​អាហារ និង​បំពង់​ទឹក ប្រគល់​ឲ្យ​នាង​ហាការ ដោយ​លើក​ដាក់​លើ-ក​នាង។ លោក​ក៏​ប្រគល់​កូន​ទៅ​ឲ្យ​នាង រួច​ប្រាប់​នាង​ឲ្យ​ចេញ​ទៅ។ នាង​ហាការ​ចាក​ចេញ​ពី​ទី​នោះ ហើយ​វិល‌វល់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ជិត​ក្រុង​បៀរ‌សេបា។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 21