គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 20:9-17 Khmer Standard Version (KHSV)

9. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ហៅ​លោក​អប្រាហាំ​មក រួច​មាន​រាជ​ឱង្ការ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​លោក បាន​ជា​លោក​នាំ​ទាំង​នគរ​របស់​ខ្ញុំ ទាំង​ខ្ញុំ ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​បែប​នេះ? លោក​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​តាម​របៀប​ដែល​មិន​គួរ​ប្រព្រឹត្ត​ទាល់​តែ​សោះ!»។

10. បន្ទាប់​មក ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អប្រាហាំ​ទៀត​ថា៖ «តើ​លោក​មាន​គោល​បំណង​អ្វី​បាន​ជា​ប្រព្រឹត្ត​បែប​នេះ?»។

11. លោក​អប្រាហាំ​តប​ថា៖ «ទូលបង្គំ​នឹក​គិត​ថា នៅ​ស្រុក​នេះ ប្រហែល​ជា​គ្មាន​នរណា​ម្នាក់​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទេ​មើល​ទៅ គេ​មុខ​ជា​ប្រហារ​ជីវិត​ទូលបង្គំ ព្រោះ​តែ​ប្រពន្ធ​ទូលបង្គំ​មិន​ខាន។

12. មួយ​វិញ​ទៀត នាង​ពិត​ជា​ប្អូន​ស្រី​របស់​ទូលបង្គំ​មែន ព្រោះ​នាង​ជា​កូន​ស្រី​របស់​ឪពុក​ទូលបង្គំ​ដែរ តែ​ម្ដាយ​ទី‌ទៃ​ពី​គ្នា រួច​នាង​ក៏​បាន​រៀប‌ការ​ជា​មួយ​ទូលបង្គំ។

13. នៅ​ពេល​ព្រះ‌ជាម្ចាស់​នាំ​ទូលបង្គំ​ចាក​ចេញ​ឆ្ងាយ​ពី​ញាតិ‌សន្ដាន​របស់​ទូលបង្គំ ទូលបង្គំ​បាន​ប្រាប់​នាង​សារ៉ា​ថា “នៅ​ទី​ណា​ដែល​យើង​ទៅ សុំ​អាណិត​មេត្តា​បង​ផង តោង​ប្រាប់​គេ​ថា បង​ត្រូវ​ជា​បង​បង្កើត​របស់​ប្អូន”»។

14. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​យក​ចៀម យក​គោ​ពី​ក្នុង​ហ្វូង​សត្វ​របស់​ស្ដេច ព្រម​ទាំង​នាំ​ខ្ញុំ​បម្រើ​ប្រុស​ស្រី​មក​ជូន​លោក​អប្រាហាំ ហើយ​ក៏​បាន​ប្រគល់​លោក​ស្រី​សារ៉ា​ជូន​លោក​វិញ​ដែរ។

15. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​ថា៖ «មើល៍ ស្រុក​របស់​ខ្ញុំ​ស្ថិត​នៅ​ចំពោះ​មុខ​លោក​ស្រាប់​ហើយ លោក​ចង់​តាំង​ទី​លំ‌នៅ​នៅ​ទី​ណា​ក៏​បាន តាម​តែ​លោក​ពេញ​ចិត្ត»។

16. ព្រះ‌អង្គ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ស្រី​សារ៉ា​ថា៖ «ខ្ញុំ​បាន​ឲ្យ​ប្រាក់​សុទ្ធ​ទៅ​បង​របស់​នាង​ចំនួន​មួយ​ពាន់​តម្លឹង ដើម្បី​ទុក​ជា​សញ្ញា​បញ្ជាក់​ចំពោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង​ថា នាង​ពុំ​បាន​បង់​កិត្តិយស​ឡើយ»។

17. លោក​អប្រាហាំ​បាន​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​មេត្តា​ប្រោស​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ព្រម​ទាំង​មហេសី និង​ពួក​ស្រី​ស្នំ​របស់​ព្រះ‌អង្គ ឲ្យ​បាន​ជា​សះ‌ស្បើយ ហើយ​នាង​ទាំង​នោះ​អាច​មាន​កូន​ត​ទៅ​ទៀត​បាន

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 20