គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 19:5-19 Khmer Standard Version (KHSV)

5. គេ​ស្រែក​សួរ​លោក​ឡុត​ថា៖ «តើ​ពួក​អ្នក​ដែល​ចូល​មក​ផ្ទះ​អ្នក​ឯង​ពី​ល្ងាច‌មិញ​នៅ​ឯ​ណា? ចូរ​ឲ្យ​គេ​ចេញ​មក! យើង​នឹង​រួម​ដំណេក​ជា​មួយ​ពួក​គេ»។

6. លោក​ឡុត​ចេញ​មក​ជួប​ពួក​គេ​នៅ​មាត់​ទ្វារ ហើយ​បិទ​ទ្វារ​ពី​ក្រោយ​ខ្នង​វិញ។

7. គាត់​ពោល​ថា៖ «បង‌ប្អូន​អើយ សូម​មេត្តា​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អី!

8. ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​ទៅ​ចុះ មើល៍ ខ្ញុំ​មាន​កូន​ស្រី​ពីរ​នាក់ ដែល​ពុំ​ទាន់​រួម​រស់​ជា​មួយ​បុរស​ណា​នៅ​ឡើយ​ទេ ខ្ញុំ​នឹង​នាំ​វា​ចេញ​មក​ជូន​បង‌ប្អូន​នៅ​ខាង​ក្រៅ ឲ្យ​បង‌ប្អូន​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​ទៅ​ចុះ ក៏​ប៉ុន្តែ សូម​មេត្តា​កុំ​ប៉ះ‌ពាល់​បុរស​ទាំង​នេះ ដែល​បាន​មក​ស្នាក់​នៅ​ក្រោម​ដំបូល​ផ្ទះ​ខ្ញុំ​ឡើយ»។

9. ពួក​គេ​តប​ថា៖ «ថយ​ទៅ!»។ គេ​ពោល​ទៀត​ថា៖ «មើល៍ ជន​បរទេស​ម្នាក់​នេះ​មក​នៅ​ស្រុក​យើង តែ​ឥឡូវ​បែរ​ជា​ចង់​ធ្វើ​ម្ចាស់​ស្រុក​ទៅ​វិញ! ទេ​មិន​បាន​ទេ យើង​នឹង​ធ្វើ​បាប​អ្នក​ឯង​ខ្លាំង​ជាង​ជន​ពីរ​នាក់​នោះ​ទៅ​ទៀត»។ ពួក​គេ​ក៏​ច្រាន​លោក​ឡុត​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ចូល​ទៅ បម្រុង​នឹង​ទម្លាយ​ទ្វារ។

10. ពេល​នោះ ទេវតា​ទាំង​ពីរ​លូក​ដៃ​ទៅ​ទាញ​លោក​ឡុត​ចូល​មក​ក្នុង​ផ្ទះ រួច​បិទ​ទ្វារ​ជិត​វិញ។

11. បន្ទាប់​មក ទេវតា​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​នៅ​មាត់​ទ្វារ ខ្វាក់​ភ្នែក​ទាំង​អស់​គ្នា តាំង​ពី​តូច​ដល់​ធំ ដូច្នេះ ពួក​គេ​ពុំ​អាច​រក​មាត់​ទ្វារ​ចូល​ទៅ​ក្នុង​ផ្ទះ​បាន​ឡើយ។

12. ទេវតា​ពោល​ទៅ​លោក​ឡុត​ថា៖ «តើ​មាន​នរណា​ខ្លះ​នៅ​ជា​មួយ​លោក? បើ​មាន​កូន​ប្រសា កូន​ប្រុស កូន​ស្រី និង​មាន​អ្វី​ទៀត​ជា​កម្មសិទ្ធិ​របស់​លោក​នៅ​ក្នុង​ក្រុង ចូរ​នាំ​ចេញ​ពី​កន្លែង​នេះ​ទៅ

13. ដ្បិត​យើង​នឹង​រំលាយ​ក្រុង​នេះ​ចោល ពី‌ព្រោះ​ពាក្យ​ចោទ​ប្រកាន់​ក្រុង​នេះ​បាន​លាន់​ឮ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​បាន​ចាត់​ពួក​យើង​ឲ្យ​មក​រំលាយ​ក្រុង​នេះ​ចោល»។

14. លោក​ឡុត​ក៏​ចេញ​ទៅ​ប្រាប់​កូន​ប្រសា​ប្រុសៗ ដែល​បាន​រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​គាត់​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​ទី​នេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នឹង​រំលាយ​ទីក្រុង​ចោល!»។ ប៉ុន្តែ កូន​ប្រសា​របស់​គាត់​យល់​ឃើញ​ថា គាត់​គ្រាន់​តែ​និយាយ​លេង​ប៉ុណ្ណោះ។

15. ពេល​ភ្លឺ​ស្រាងៗ​ទេវតា​នាំ​គ្នា​បង្ខំ​លោក​ឡុត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ប្រពន្ធ និង​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ដែល​នៅ​ជា​មួយ​ចេញ​ទៅ កុំ​ឲ្យ​វិនាស ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ក្រុង​នេះ​ឡើយ»។

16. ប៉ុន្តែ ដោយ​លោក​ឡុត​នៅ​បង្អែ‌បង្អង់ ទេវតា​ក៏​ចាប់​ដៃ​គាត់ ប្រពន្ធ​គាត់ និង​កូន​ស្រី​គាត់​ទាំង​ពីរ ទាញ​ចេញ​ទៅ​ទុក​ឲ្យ​នៅ​ខាង​ក្រៅ​ទីក្រុង ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​គាត់​បាន​រួច​ជីវិត។

17. ពេល​នាំ​គាត់​ចេញ​ផុត​ពី​ក្រុង​នោះ ទេវតា​ម្នាក់​ពោល​ថា៖ «ចូរ​រត់​ឲ្យ​រួច​ជីវិត​ទៅ! កុំ​ងាក​មើល​ក្រោយ! កុំ​ឈប់​នៅ​តំបន់​វាល​រាប​ឲ្យ​សោះ! ចូរ​រត់​ទៅ​តំបន់​ភ្នំ ដើម្បី​ឲ្យ​រួច​អាយុ​ជីវិត»។

18. លោក​ឡុត​ពោល​ទៅ​ទេវតា​វិញ​ថា៖ «លោក​ម្ចាស់​អើយ សូម​មេត្តា​ស្ដាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ​ប្របាទ​ផង!

19. សូម​លោក​ម្ចាស់​អធ្យាស្រ័យ​ទៅ​ចុះ ដ្បិត​លោក​ម្ចាស់​សម្តែង​សប្បុរស‌ធម៌​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ​ប្របាទ ដោយ​ទុក​ជីវិត​ខ្ញុំ​ប្របាទ​ឲ្យ​នៅ​រស់។ ប៉ុន្តែ ខ្ញុំ​ប្របាទ​ពុំ​អាច​រត់​ទៅ​តំបន់​ភ្នំ​ទាន់​ទេ ព្រោះ​ខ្ញុំ​ប្របាទ​មុខ​ជា​ជួប​នឹង​មហន្ត‌រាយ​នេះ ហើយ​ត្រូវ​ស្លាប់​មិន​ខាន។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 19