27. លុះព្រលឹមឡើង លោកអប្រាហាំទៅកន្លែងដែលលោកបាននៅជាមួយព្រះអម្ចាស់។
28. លោកសម្លឹងមើលទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងតំបន់វាលរាបទាំងមូល ឃើញមានផ្សែងហុយឡើងពីដីមក ដូចជាផ្សែងដែលហុយចេញពីឡ។
29. នៅពេលព្រះជាម្ចាស់រំលាយក្រុងទាំងប៉ុន្មាន នៅតំបន់វាលរាបនោះ ព្រះអង្គបាននឹកគិតដល់លោកអប្រាហាំ គឺព្រះអង្គបានប្រោសលោកឡុតឲ្យរួចផុតពីមហន្តរាយ ក្នុងពេលព្រះអង្គរំលាយក្រុងដែលលោកឡុតរស់នៅនោះ។
30. លោកឡុតបានចាកចេញពីក្រុងសូអារជាមួយកូនស្រីទាំងពីរ ឡើងទៅរស់នៅតាមភ្នំ ដ្បិតគាត់មិនហ៊ាននៅក្នុងក្រុងសូអារនោះទេ។ គាត់ស្នាក់នៅតាមរូងភ្នំជាមួយកូនស្រីទាំងពីរ។
31. ពេលនោះ នាងបងនិយាយទៅកាន់នាងពៅថា៖ «ឪពុកយើងចាស់ហើយ ហើយនៅក្នុងស្រុកនេះក៏គ្មានប្រុសណាមកយកយើងធ្វើជាប្រពន្ធ ដូចគេដូចឯងក្នុងលោកនេះឡើយ។
32. ដូច្នេះ មក៍! យើងនាំគ្នាបង្អកស្រាឪពុកយើង រួចរួមដំណេកជាមួយគាត់ទៅ ដើម្បីឲ្យយើងបានបន្តពូជពីឪពុកយើង»។
33. នៅយប់នោះ នាងទាំងពីរក៏បង្អកស្រាឪពុករបស់ខ្លួន រួចហើយ នាងបងចូលរួមដំណេកជាមួយឪពុក តែគាត់ពុំដឹងខ្លួនទេ មិនដឹងជានាងចូលដេកថ្មើរណា ចេញថ្មើរណាឡើយ។
34. លុះស្អែកឡើង នាងបងបាននិយាយទៅកាន់នាងប្អូនថា៖ «ពីយប់មិញបងបានរួមដំណេកជាមួយឪពុក យប់នេះ យើងយកស្រាមកបង្អកគាត់ទៀតទៅ រួចសិមឯងចូលដេកជាមួយគាត់ម្ដង ដើម្បីតពូជពីឪពុករបស់យើង»។
35. នៅយប់នោះ នាងទាំងពីរក៏បង្អកស្រាឲ្យឪពុកសាជាថ្មី ហើយនាងពៅក៏ចូលទៅរួមដំណេកជាមួយឪពុក តែគាត់ពុំដឹងខ្លួនទេ មិនដឹងជានាងចូលដេកថ្មើរណា ចេញថ្មើរណាឡើយ។