គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 19:21-36 Khmer Standard Version (KHSV)

21. ទេវតា​ពោល​ទៅ​គាត់​វិញ​ថា៖ «ខ្ញុំ​យោគ‌យល់​ដល់​លោក​ម្ដង​ទៀត ខ្ញុំ​មិន​រំលាយ​ក្រុង​ដែល​លោក​និយាយ​នេះ​ទេ។

22. ចូរ​ប្រញាប់‌ប្រញាល់​រត់​ឲ្យ​ដល់​ក្រុង​នោះ​ចុះ ដ្បិត​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​មុន​លោក​ទៅ​ដល់​ឡើយ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា «សូអារ»។

23. ពេល​លោក​ឡុត​ចូល​ទៅ​ដល់​ក្រុង​សូអារ ព្រះ‌អាទិត្យ​បាន​រះ​បំភ្លឺ​ផែនដី​ហើយ។

24. ពេល​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ស្ពាន់‌ធ័រ និង​មាន​ភ្លើង​បង្អុរ​ចុះ​ពី​មេឃ គឺ​ចុះ​មក​ពី​ព្រះ‌អម្ចាស់ ធ្លាក់​លើ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា។

25. ព្រះ‌អង្គ​បាន​រំលាយ​ក្រុង​ទាំង​នោះ តំបន់​វាល​រាប​ទាំង​មូល និង​អ្នក​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​ដុះ​នៅ​លើ​ដី ត្រូវ​វិនាស​អន្ត‌រាយ​អស់។

26. រីឯ​ភរិយា​របស់​លោក​ឡុត​វិញ គាត់​បាន​ងាក​មើល​ក្រោយ គាត់​ក៏​ក្លាយ​ទៅ​ជា​រូប​ចម្លាក់​អំបិល។

27. លុះ​ព្រលឹម​ឡើង លោក​អប្រាហាំ​ទៅ​កន្លែង​ដែល​លោក​បាន​នៅ​ជា​មួយ​ព្រះ‌អម្ចាស់។

28. លោក​សម្លឹង​មើល​ទៅ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា និង​តំបន់​វាល​រាប​ទាំង​មូល ឃើញ​មាន​ផ្សែង​ហុយ​ឡើង​ពី​ដី​មក ដូច​ជា​ផ្សែង​ដែល​ហុយ​ចេញ​ពី​ឡ។

29. នៅ​ពេល​ព្រះ‌ជាម្ចាស់​រំលាយ​ក្រុង​ទាំង​ប៉ុន្មាន នៅ​តំបន់​វាល​រាប​នោះ ព្រះ‌អង្គ​បាន​នឹក​គិត​ដល់​លោក​អប្រាហាំ គឺ​ព្រះ‌អង្គ​បាន​ប្រោស​លោក​ឡុត​ឲ្យ​រួច​ផុត​ពី​មហន្ត‌រាយ ក្នុង​ពេល​ព្រះ‌អង្គ​រំលាយ​ក្រុង​ដែល​លោក​ឡុត​រស់​នៅ​នោះ។

30. លោក​ឡុត​បាន​ចាក​ចេញ​ពី​ក្រុង​សូអារ​ជា​មួយ​កូន​ស្រី​ទាំង​ពីរ ឡើង​ទៅ​រស់​នៅ​តាម​ភ្នំ ដ្បិត​គាត់​មិន​ហ៊ាន​នៅ​ក្នុង​ក្រុង​សូអារ​នោះ​ទេ។ គាត់​ស្នាក់​នៅ​តាម​រូង​ភ្នំ​ជា​មួយ​កូន​ស្រី​ទាំង​ពីរ។

31. ពេល​នោះ នាង​បង​និយាយ​ទៅ​កាន់​នាង​ពៅ​ថា៖ «ឪពុក​យើង​ចាស់​ហើយ ហើយ​នៅ​ក្នុង​ស្រុក​នេះ​ក៏​គ្មាន​ប្រុស​ណា​មក​យក​យើង​ធ្វើ​ជា​ប្រពន្ធ ដូច​គេ​ដូច​ឯង​ក្នុង​លោក​នេះ​ឡើយ។

32. ដូច្នេះ មក៍! យើង​នាំ​គ្នា​បង្អក​ស្រា​ឪពុក​យើង រួច​រួម​ដំណេក​ជា​មួយ​គាត់​ទៅ ដើម្បី​ឲ្យ​យើង​បាន​បន្ត​ពូជ​ពី​ឪពុក​យើង»។

33. នៅ​យប់​នោះ នាង​ទាំង​ពីរ​ក៏​បង្អក​ស្រា​ឪពុក​របស់​ខ្លួន រួច​ហើយ នាង​បង​ចូល​រួម​ដំណេក​ជា​មួយ​ឪពុក តែ​គាត់​ពុំ​ដឹង​ខ្លួន​ទេ មិន​ដឹង​ជា​នាង​ចូល​ដេក​ថ្មើរ​ណា ចេញ​ថ្មើរ​ណា​ឡើយ។

34. លុះ​ស្អែក​ឡើង នាង​បង​បាន​និយាយ​ទៅ​កាន់​នាង​ប្អូន​ថា៖ «ពី​យប់​មិញ​បង​បាន​រួម​ដំណេក​ជា​មួយ​ឪពុក យប់​នេះ យើង​យក​ស្រា​មក​បង្អក​គាត់​ទៀត​ទៅ រួច​សិម​ឯង​ចូល​ដេក​ជា​មួយ​គាត់​ម្ដង ដើម្បី​ត​ពូជ​ពី​ឪពុក​របស់​យើង»។

35. នៅ​យប់​នោះ នាង​ទាំង​ពីរ​ក៏​បង្អក​ស្រា​ឲ្យ​ឪពុក​សា​ជា​ថ្មី ហើយ​នាង​ពៅ​ក៏​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​ឪពុក តែ​គាត់​ពុំ​ដឹង​ខ្លួន​ទេ មិន​ដឹង​ជា​នាង​ចូល​ដេក​ថ្មើរ​ណា ចេញ​ថ្មើរ​ណា​ឡើយ។

36. ក្រោយ​មក កូន​ស្រី​ទាំង​ពីរ​របស់​លោក​ឡុត​មាន​ផ្ទៃ​ពោះ​ជា​មួយ​ឪពុក​របស់​ខ្លួន។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 19