គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 19:13-20 Khmer Standard Version (KHSV)

13. ដ្បិត​យើង​នឹង​រំលាយ​ក្រុង​នេះ​ចោល ពី‌ព្រោះ​ពាក្យ​ចោទ​ប្រកាន់​ក្រុង​នេះ​បាន​លាន់​ឮ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​បាន​ចាត់​ពួក​យើង​ឲ្យ​មក​រំលាយ​ក្រុង​នេះ​ចោល»។

14. លោក​ឡុត​ក៏​ចេញ​ទៅ​ប្រាប់​កូន​ប្រសា​ប្រុសៗ ដែល​បាន​រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​គាត់​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​ទី​នេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នឹង​រំលាយ​ទីក្រុង​ចោល!»។ ប៉ុន្តែ កូន​ប្រសា​របស់​គាត់​យល់​ឃើញ​ថា គាត់​គ្រាន់​តែ​និយាយ​លេង​ប៉ុណ្ណោះ។

15. ពេល​ភ្លឺ​ស្រាងៗ​ទេវតា​នាំ​គ្នា​បង្ខំ​លោក​ឡុត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ប្រពន្ធ និង​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ដែល​នៅ​ជា​មួយ​ចេញ​ទៅ កុំ​ឲ្យ​វិនាស ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ក្រុង​នេះ​ឡើយ»។

16. ប៉ុន្តែ ដោយ​លោក​ឡុត​នៅ​បង្អែ‌បង្អង់ ទេវតា​ក៏​ចាប់​ដៃ​គាត់ ប្រពន្ធ​គាត់ និង​កូន​ស្រី​គាត់​ទាំង​ពីរ ទាញ​ចេញ​ទៅ​ទុក​ឲ្យ​នៅ​ខាង​ក្រៅ​ទីក្រុង ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​គាត់​បាន​រួច​ជីវិត។

17. ពេល​នាំ​គាត់​ចេញ​ផុត​ពី​ក្រុង​នោះ ទេវតា​ម្នាក់​ពោល​ថា៖ «ចូរ​រត់​ឲ្យ​រួច​ជីវិត​ទៅ! កុំ​ងាក​មើល​ក្រោយ! កុំ​ឈប់​នៅ​តំបន់​វាល​រាប​ឲ្យ​សោះ! ចូរ​រត់​ទៅ​តំបន់​ភ្នំ ដើម្បី​ឲ្យ​រួច​អាយុ​ជីវិត»។

18. លោក​ឡុត​ពោល​ទៅ​ទេវតា​វិញ​ថា៖ «លោក​ម្ចាស់​អើយ សូម​មេត្តា​ស្ដាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ​ប្របាទ​ផង!

19. សូម​លោក​ម្ចាស់​អធ្យាស្រ័យ​ទៅ​ចុះ ដ្បិត​លោក​ម្ចាស់​សម្តែង​សប្បុរស‌ធម៌​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ​ប្របាទ ដោយ​ទុក​ជីវិត​ខ្ញុំ​ប្របាទ​ឲ្យ​នៅ​រស់។ ប៉ុន្តែ ខ្ញុំ​ប្របាទ​ពុំ​អាច​រត់​ទៅ​តំបន់​ភ្នំ​ទាន់​ទេ ព្រោះ​ខ្ញុំ​ប្របាទ​មុខ​ជា​ជួប​នឹង​មហន្ត‌រាយ​នេះ ហើយ​ត្រូវ​ស្លាប់​មិន​ខាន។

20. សូម​លោក​ម្ចាស់​អធ្យាស្រ័យ​ឲ្យ​ខ្ញុំ​ប្របាទ​ផង មើល៍ មាន​ក្រុង​មួយ​នៅ​ជិត​នេះ​ស្រាប់ ខ្ញុំ​ប្របាទ​អាច​រត់​ទៅ​ជ្រក​កោន​បាន ព្រោះ​ក្រុង​នេះ​តូច​ទេ! សូម​មេត្តា​ឲ្យ​ខ្ញុំ​ប្របាទ​រត់​ទៅ​ជ្រក​នៅ​ក្រុង​នោះ ដ្បិត​ក្រុង​នោះ​ពិត​ជា​តូច​មែន! ខ្ញុំ​ប្របាទ​នឹង​ស្នាក់​នៅ​ទី​នោះ ឲ្យ​បាន​រួច​ជីវិត»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 19