គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 18:24-33 Khmer Standard Version (KHSV)

24. ក្នុង​ក្រុង​នោះ​ប្រហែល​ជា​មាន​មនុស្ស​សុចរិត​ហា‌សិប​នាក់​ដែរ​មើល​ទៅ។ តើ​ព្រះ‌អង្គ​ពិត​ជា​រំលាយ​ក្រុង​នោះ​មែន​ឬ? តើ​ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​ឲ្យ​គេ ដោយ​យោគ‌យល់​ដល់​មនុស្ស​សុចរិត​ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ​ទេ​ឬ?

25. ព្រះ‌អង្គ​ធ្វើ​ដូច្នេះ​មិន​កើត​ទេ សូម​កុំ​ប្រហារ​ជីវិត​មនុស្ស​សុចរិត​រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​ឡើយ! បើ​មិន​ដូច្នោះ​ទេ មនុស្ស​សុចរិត​នឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​មួយ​មនុស្ស​ទុច្ចរិត​មិន​ខាន។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ​មិន​កើត​ទេ! ចៅ‌ក្រម​នៃ​ផែនដី​ទាំង​មូល​តោង​តែ​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!»។

26. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​ហា‌សិប​នាក់​រស់​នៅ​ក្នុង​ក្រុង​សូដុម យើង​នឹង​លើក‌លែង​ទោស​ឲ្យ​អ្នក​ក្រុង​ទាំង​មូល ដោយ​យោគ‌យល់​ដល់​មនុស្ស​សុចរិត​ទាំង​នោះ»។

27. លោក​អប្រាហាំ​ទូល​សា​ជា​ថ្មី​ថា៖ «ទូលបង្គំ​គ្រាន់​តែ​ជា​ធូលី​ដី និង​ជា​ផេះ​ប៉ុណ្ណោះ សូម​មេត្តា​អភ័យ​ទោស​ដល់​ទូលបង្គំ ដែល​ហ៊ាន​តវ៉ា​ជា​មួយ​ព្រះ‌អម្ចាស់​បែប​នេះ។

28. មនុស្ស​សុចរិត​ប្រហែល​ជា​មិន​ទាន់​បាន​គ្រប់​ចំនួន​ហា‌សិប​ទេ គឺ​នៅ​ខ្វះ​ប្រាំ​នាក់ តើ​ព្រះ‌អង្គ​នឹង​រំលាយ​ទីក្រុង​ទាំង​មូល​ចោល ព្រោះ​តែ​ប្រាំ​នាក់​នោះ​ឬ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​តែ​សែ‌សិប​ប្រាំ​នាក់ យើង​នឹង​មិន​រំលាយ​ទីក្រុង​នោះ​ឡើយ»។

29. លោក​អប្រាហាំ​នៅ​តែ​ទូល​ព្រះ‌អង្គ​ថា៖ «ប្រហែល​មាន​តែ​សែ‌សិប​នាក់​ទេ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​សែ‌សិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។

30. លោក​អប្រាហាំ​ទូល​ថា៖ «សូម​ព្រះ‌អម្ចាស់​មេត្តា​កុំ​ខ្ញាល់​នឹង​ទូលបង្គំ​ធ្វើ​អ្វី ទូលបង្គំ​សូម​អង្វរ​ម្ដង​ទៀត។ ប្រហែល​ជា​មាន​តែ​សាម‌សិប​នាក់»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​សាម‌សិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។

31. លោក​អប្រាហាំ​ទូល​ថា៖ «សូម​មេត្តា​អភ័យ​ទោស​ដល់​ទូលបង្គំ​ដែល​ហ៊ាន​តវ៉ា​ជា​មួយ​ព្រះ‌អម្ចាស់ ប្រហែល​ជា​មាន​តែ​ម្ភៃ​នាក់​ប៉ុណ្ណោះ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​ម្ភៃ​នោះ យើង​នឹង​មិន​រំលាយ​ទីក្រុង​ឡើយ»។

32. លោក​អប្រាហាំ​ទូល​ថា៖ «សូម​ព្រះ‌អម្ចាស់​មេត្តា​កុំ​ខ្ញាល់​នឹង​ទូលបង្គំ ទូលបង្គំ​សូម​អង្វរ​តែ​ម្ដង​ទៀត​ទេ។ ប្រហែល​ជា​មាន​តែ​ដប់​នាក់​ប៉ុណ្ណោះ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​ដប់​នោះ យើង​នឹង​មិន​រំលាយ​ទីក្រុង​ឡើយ»។

33. កាល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ជា​មួយ​លោក​អប្រាហាំ​រួច​រាល់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចាក​ចេញ​ទៅ រីឯ​លោក​អប្រាហាំ​ក៏​វិល​ទៅ​ជំរំ​លោក​វិញ​ដែរ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 18