គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 18:16-22 Khmer Standard Version (KHSV)

16. បុរស​ទាំង​បី​នាក់​ក្រោក​ឡើង ចាក​ចេញ​ទៅ ដោយ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ លោក​អប្រាហាំ​ជូន​ដំណើរ ដើម្បី​លា​គ្នា។

17. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​គួរ​ឲ្យ​យើង​លាក់​កិច្ចការ​ដែល​យើង​បម្រុង​នឹង​ធ្វើ​នោះ មិន​ឲ្យ​អប្រាហាំ​ដឹង​ឬ?

18. អប្រាហាំ​នឹង​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​មួយ​ដ៏​ធំ ហើយ​មាន​អំណាច​យ៉ាង​ខ្លាំង​ទៀត​ផង ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ក៏​នឹង​ទទួល​ពរ​តាម​រយៈ​គាត់​ដែរ

19. ដ្បិត​យើង​បាន​ជ្រើស‌រើស​គាត់ ដើម្បី​ណែ‌នាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ ព្រះ‌អម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​អប្រាហាំ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទុក​អំពី​គាត់»។

20. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពាក្យ​ដែល​គេ​ចោទ​ប្រកាន់​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ធ្ងន់‌ធ្ងរ​ណាស់ ហើយ​អ្នក​ក្រុង​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន​ដែរ។

21. យើង​ត្រូវ​តែ​ចុះ​ទៅ​មើល ដើម្បី​ឲ្យ​ដឹង​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ ពិត​ដូច​ពាក្យ​ដែល​លាន់​ឮ​មក​ដល់​យើង​ឬ​យ៉ាង​ណា។ បើ​ពិត ឬ​មិន​ពិត យើង​មុខ​ជា​ដឹង​មិន​ខាន»។

22. បុរស​ទាំង​នោះ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ រីឯ​លោក​អប្រាហាំ​វិញ លោក​ឈរ​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​ដដែល។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 18