គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 18:10-27 Khmer Standard Version (KHSV)

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឆ្នាំ​ក្រោយ នៅ​ខែ​ដដែល​នេះ យើង​នឹង​វិល​មក​រក​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ឈរ​ស្ដាប់​ក្រោយ​ខ្នង​លោក នៅ​មាត់​ទ្វារ​ជំរំ។

11. លោក​អប្រាហាំ និង​លោក​ស្រី​សារ៉ា​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​លោក​ស្រី​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។

12. គាត់​អស់​សំណើច​នឹក​ក្នុង​ចិត្ត​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ចាស់​ប៉ុណ្ណឹង​ហើយ តើ​ខ្ញុំ​នៅ​មាន​តំរេក​ទៀត​ឬ? រីឯ​លោក​ម្ចាស់​របស់​ខ្ញុំ​សោត ក៏​ចាស់​ជរា​ណាស់​ដែរ»។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​សារ៉ា​សើច ទាំង​ពោល​ថា “តើ​ខ្ញុំ​ដែល​ចាស់​ណាស់​ហើយ អាច​នឹង​មាន​កូន​ទៅ​កើត​ឬ?”

14. តើ​មាន​ការ​អ្វី​អស្ចារ្យ​ពេក​ដែល​ព្រះ‌អម្ចាស់​ធ្វើ​មិន​កើត? ឆ្នាំ​ក្រោយ​នៅ​ខែ​ដដែល យើង​នឹង​មក​ជួប​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។

15. លោក​ស្រី​សារ៉ា​បដិសេធ​ថា៖ «ខ្ញុំ​ម្ចាស់​ពុំ​បាន​សើច​ទេ»។ គាត់​ថា​ដូច្នេះ មក​ពី​គាត់​ភ័យ​ខ្លាច​ខ្លាំង​ពេក។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​ពិត​ជា​បាន​សើច​មែន!»។

16. បុរស​ទាំង​បី​នាក់​ក្រោក​ឡើង ចាក​ចេញ​ទៅ ដោយ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ លោក​អប្រាហាំ​ជូន​ដំណើរ ដើម្បី​លា​គ្នា។

17. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​គួរ​ឲ្យ​យើង​លាក់​កិច្ចការ​ដែល​យើង​បម្រុង​នឹង​ធ្វើ​នោះ មិន​ឲ្យ​អប្រាហាំ​ដឹង​ឬ?

18. អប្រាហាំ​នឹង​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​មួយ​ដ៏​ធំ ហើយ​មាន​អំណាច​យ៉ាង​ខ្លាំង​ទៀត​ផង ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ក៏​នឹង​ទទួល​ពរ​តាម​រយៈ​គាត់​ដែរ

19. ដ្បិត​យើង​បាន​ជ្រើស‌រើស​គាត់ ដើម្បី​ណែ‌នាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ ព្រះ‌អម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​អប្រាហាំ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទុក​អំពី​គាត់»។

20. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពាក្យ​ដែល​គេ​ចោទ​ប្រកាន់​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ធ្ងន់‌ធ្ងរ​ណាស់ ហើយ​អ្នក​ក្រុង​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន​ដែរ។

21. យើង​ត្រូវ​តែ​ចុះ​ទៅ​មើល ដើម្បី​ឲ្យ​ដឹង​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ ពិត​ដូច​ពាក្យ​ដែល​លាន់​ឮ​មក​ដល់​យើង​ឬ​យ៉ាង​ណា។ បើ​ពិត ឬ​មិន​ពិត យើង​មុខ​ជា​ដឹង​មិន​ខាន»។

22. បុរស​ទាំង​នោះ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ រីឯ​លោក​អប្រាហាំ​វិញ លោក​ឈរ​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​ដដែល។

23. លោក​អប្រាហាំ​ចូល​ទៅ​ជិត​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «តើ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​មែន​ឬ?

24. ក្នុង​ក្រុង​នោះ​ប្រហែល​ជា​មាន​មនុស្ស​សុចរិត​ហា‌សិប​នាក់​ដែរ​មើល​ទៅ។ តើ​ព្រះ‌អង្គ​ពិត​ជា​រំលាយ​ក្រុង​នោះ​មែន​ឬ? តើ​ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​ឲ្យ​គេ ដោយ​យោគ‌យល់​ដល់​មនុស្ស​សុចរិត​ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ​ទេ​ឬ?

25. ព្រះ‌អង្គ​ធ្វើ​ដូច្នេះ​មិន​កើត​ទេ សូម​កុំ​ប្រហារ​ជីវិត​មនុស្ស​សុចរិត​រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​ឡើយ! បើ​មិន​ដូច្នោះ​ទេ មនុស្ស​សុចរិត​នឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​មួយ​មនុស្ស​ទុច្ចរិត​មិន​ខាន។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ​មិន​កើត​ទេ! ចៅ‌ក្រម​នៃ​ផែនដី​ទាំង​មូល​តោង​តែ​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!»។

26. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​ហា‌សិប​នាក់​រស់​នៅ​ក្នុង​ក្រុង​សូដុម យើង​នឹង​លើក‌លែង​ទោស​ឲ្យ​អ្នក​ក្រុង​ទាំង​មូល ដោយ​យោគ‌យល់​ដល់​មនុស្ស​សុចរិត​ទាំង​នោះ»។

27. លោក​អប្រាហាំ​ទូល​សា​ជា​ថ្មី​ថា៖ «ទូលបង្គំ​គ្រាន់​តែ​ជា​ធូលី​ដី និង​ជា​ផេះ​ប៉ុណ្ណោះ សូម​មេត្តា​អភ័យ​ទោស​ដល់​ទូលបង្គំ ដែល​ហ៊ាន​តវ៉ា​ជា​មួយ​ព្រះ‌អម្ចាស់​បែប​នេះ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 18