គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 18:1-7 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​បាន​យាង​មក​ឲ្យ​លោក​អប្រាហាំ​ឃើញ នៅ​ដើម​ជ្រៃ​លោក​តា​ម៉ាមរ៉េ។ ពេល​នោះ ថ្ងៃ​ពេញ​កម្ដៅ​ហើយ លោក​អប្រាហាំ​អង្គុយ​នៅ​មាត់​ទ្វារ​ជំរំ​របស់​លោក

2. លោក​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​បុរស​បី​នាក់ ឈរ​នៅ​ជិត​លោក។ ពេល​ឃើញ​បុរស​បី​នាក់​នោះ លោក​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប ក្រាប​ដល់​ដី

3. ហើយ​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ បើ​លោក​ពេញ​ចិត្ត​នឹង​ខ្ញុំ​ប្របាទ​មែន សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។

4. សូម​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ជូន! សូម​លោក​សម្រាក​ក្រោម​ដើម​ឈើ​នេះ​សិន​ហើយ

5. ខ្ញុំ​ប្របាទ​នឹង​ទៅ​យក​នំប៉័ង​មួយ​ដុំ​មក​ជូន​លោក​ពិសា ដើម្បី​ឲ្យ​មាន​កម្លាំង រួច​សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ដូច្នេះ លោក​នឹង​មិន​ឆៀង​កាត់​តាម​ផ្ទះ​អ្នក​បម្រើ​របស់​លោក ដោយ​ឥត​បាន​ការ​ឡើយ»។ បុរស​ទាំង​បី​តប​ថា៖ «សុំ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។

6. លោក​អប្រាហាំ​ប្រញាប់‌ប្រញាល់​ចូល​ទៅ​រក​នាង​សារ៉ា​នៅ​ក្នុង​ជំរំ ប្រាប់​ថា៖ «ចូរ​យក​ម្សៅ​បី​កំប៉ុង​មក ហើយ​រៀបចំ​ធ្វើ​នំ​ឲ្យ​បាន​រួស‌រាន់​ទៅ»។

7. បន្ទាប់​មក លោក​រត់​ទៅ​រក​ហ្វូង​សត្វ យក​កូន​គោ​ស្ទាវ​យ៉ាង​ធាត់​ល្អ​មួយ ប្រគល់​ឲ្យ​ក្មេង​បម្រើ​ម្នាក់​យក​ទៅ​សម្លាប់ ធ្វើ​ម្ហូប​ជា​បន្ទាន់។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 18