គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 17:19-27 Khmer Standard Version (KHSV)

19. ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទេ គឺ​សារ៉ា​ជា​ភរិយា​របស់​អ្នក​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក​មែន! អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “អ៊ីសាក”។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​នោះ និង​ពូជ‌ពង្ស​ដែល​កើត​មក​តាម​ក្រោយ ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​ត​ទៅ។

20. ចំពោះ​អ៊ីស្មា‌អែល​វិញ យើង​បាន​ឮ​ពាក្យ​របស់​អ្នក​ហើយ យើង​នឹង​ឲ្យ​ពរ​វា យើង​នឹង​ធ្វើ​ឲ្យ​វា​មាន​កូន​ចៅ​ជា​ច្រើន ហើយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​វា​កើន​ចំនួន​យ៉ាង​ច្រើន​អនេក។ ស្ដេច​ដប់‌ពីរ​អង្គ​នឹង​កើត​ចេញ​ពី​វា ហើយ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​មាន​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​កើត​ចេញ​ពី​វា​ដែរ។

21. ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ៊ីសាក គឺ​កូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នៅ​ឆ្នាំ​ក្រោយ​ក្នុង​ខែ​នេះ»។

22. បន្ទាប់​ពី​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​លោក​អប្រាហាំ​ឡើង​ទៅ។

23. នៅ​ថ្ងៃ​ដដែល​នោះ លោក​អប្រាហាំ​បាន​នាំ​អ៊ីស្មា‌អែល​ជា​កូន និង​អស់​អ្នក​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​លោក ព្រម​ទាំង​អស់​អ្នក​ដែល​លោក​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ គឺ​ប្រុសៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​របស់​លោក មក​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បង្គាប់​ដល់​លោក។

24. ពេល​លោក​អប្រាហាំ​ទទួល​ពិធី​កាត់​ស្បែក​នោះ លោក​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ​ហើយ

25. រីឯ​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក មាន​អាយុ​ដប់​បី​ឆ្នាំ នៅ​ពេល​ទទួល​ពិធី​កាត់​ស្បែក។

26. លោក​អប្រាហាំ និង​អ៊ីស្មា‌អែល​ជា​កូន​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​ជា​មួយ​គ្នា

27. ហើយ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក គឺ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​របស់​លោក ឬ​អ្នក​ក្រៅ​ដែល​លោក​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ ក៏​បាន​ទទួល​ពិធី​កាត់​ស្បែក​ជា​មួយ​លោក​ដែរ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 17