3. លោកមានប្រសាសន៍ទៀតថា៖ «ព្រះអង្គពុំបានប្រទានឲ្យទូលបង្គំមានកូនបន្តពូជសោះ គឺមានតែអ្នកបម្រើក្នុងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះ ដែលនឹងទទួលកេរមត៌កតពីទូលបង្គំ»។
4. ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «មិនមែនអ្នកបម្រើទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញឯណោះ ជាអ្នកទទួលមត៌ក»។
5. ព្រះអង្គនាំលោកចេញទៅក្រៅ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ចំនួនផ្កាយមើល៍ តើអ្នកអាចរាប់អស់ទេ?»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ពូជពង្សរបស់អ្នកក៏នឹងមានចំនួនច្រើន ដូចផ្កាយទាំងនោះដែរ»។
6. លោកអាប់រ៉ាមជឿលើព្រះអម្ចាស់ ហើយដោយយល់ដល់ជំនឿនេះ ព្រះអង្គប្រោសលោកឲ្យបានសុចរិត*។
7. ព្រះអង្គមានព្រះបន្ទូលមកលោកទៀតថា៖ «យើងជាព្រះអម្ចាស់ដែលបាននាំអ្នកចេញពីក្រុងអ៊ើរនៅស្រុកខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាសម្បត្តិ»។
8. លោកអាប់រ៉ាមទូលព្រះអង្គវិញថា៖ «បពិត្រព្រះជាអម្ចាស់ តើធ្វើម្ដេចឲ្យដឹងថា ទូលបង្គំនឹងទទួលស្រុកនេះ?»
9. ព្រះអង្គមានព្រះបន្ទូលមកលោកថា៖ «ចូរយកគោញីជំទង់អាយុបីខួបមួយ ពពែញីអាយុបីខួបមួយ ពពែឈ្មោលអាយុបីខួបមួយ លលកមួយ និងព្រាបជំទើរមួយ មកឲ្យយើង»។
10. លោកក៏យកសត្វទាំងនោះមកពុះជាពីរ រួចដាក់ទន្ទឹមគ្នា តែលោកពុំបានពុះសត្វស្លាបជាពីរទេ។
11. ពេលនោះ មានត្មាតមកឆាបសាច់សត្វ តែលោកអាប់រ៉ាមបានដេញវា។
12. នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមលង់លក់ ហើយព្រឺខ្លាចជាខ្លាំង ព្រោះមានភាពងងឹតមកគ្របដណ្ដប់លើលោក។
13. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «តោងដឹងថា ពូជពង្សរបស់អ្នកនឹងទៅស្នាក់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់ខ្លួន គេនឹងធ្លាក់ខ្លួនទៅជាទាសករនៅក្នុងស្រុកនោះ ហើយអ្នកស្រុកនោះនឹងជិះជាន់គេ អស់រយៈពេលបួនរយឆ្នាំ។
14. ប៉ុន្តែ យើងនឹងដាក់ទោសប្រជាជាតិ ដែលយកពូជពង្សអ្នកធ្វើជាទាសករ។ បន្ទាប់មក គេនឹងចាកចេញទៅ ដោយនាំយកទ្រព្យសម្បត្តិជាច្រើនទៅជាមួយផង។