គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 15:1-9 Khmer Standard Version (KHSV)

1. ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក លោក​អាប់រ៉ាម​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «អាប់រ៉ាម​អើយ កុំ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ធ្វើ​ជា​ខែល​ការពារ​អ្នក អ្នក​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ»។

2. លោក​អាប់រ៉ាម​ទូល​តប​វិញ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះ‌អង្គ​ប្រទាន​អ្វី​មក​ទូលបង្គំ​ក៏​ឥត​ប្រយោជន៍​ដែរ ព្រោះ​ទូលបង្គំ​នឹង​លា​ចាក​លោក​នេះ​ទៅ​ទាំង​គ្មាន​កូន។ រីឯ​អ្នក​ដែល​នឹង​ទទួល​កេរ‌មត៌ក​របស់​ទូលបង្គំ គឺ​អេលា‌ស៊ើរ​ជា​អ្នក​ក្រុង​ដាម៉ាស់​ឯ​ណោះ​វិញ»។

3. លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះ‌អង្គ​ពុំ​បាន​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កូន​បន្ត​ពូជ​សោះ គឺ​មាន​តែ​អ្នក​បម្រើ​ក្នុង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​កេរ‌មត៌ក​ត​ពី​ទូលបង្គំ»។

4. ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «មិន​មែន​អ្នក​បម្រើ​ទេ គឺ​កូន​ដែល​នឹង​កើត​ចេញ​ពី​អ្នក​វិញ​ឯ‌ណោះ ជា​អ្នក​ទទួល​មត៌ក»។

5. ព្រះ‌អង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ចំនួន​ផ្កាយ​មើល៍ តើ​អ្នក​អាច​រាប់​អស់​ទេ?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។

6. លោក​អាប់រ៉ាម​ជឿ​លើ​ព្រះ‌អម្ចាស់ ហើយ​ដោយ​យល់​ដល់​ជំនឿ​នេះ ព្រះ‌អង្គ​ប្រោស​លោក​ឲ្យ​បាន​សុចរិត*។

7. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​ទៀត​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ក្រុង​អ៊ើរ​នៅ​ស្រុក​ខាល់ដេ​មក ដើម្បី​ប្រគល់​ស្រុក​នេះ​ឲ្យ​អ្នក​ទុក​ជា​សម្បត្តិ»។

8. លោក​អាប់រ៉ាម​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ តើ​ធ្វើ​ម្ដេច​ឲ្យ​ដឹង​ថា ទូលបង្គំ​នឹង​ទទួល​ស្រុក​នេះ?»

9. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «ចូរ​យក​គោ​ញី​ជំទង់​អាយុ​បី​ខួប​មួយ ពពែ​ញី​អាយុ​បី​ខួប​មួយ ពពែ​ឈ្មោល​អាយុ​បី​ខួប​មួយ លលក​មួយ និង​ព្រាប​ជំទើរ​មួយ មក​ឲ្យ​យើង»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 15