គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 14:10-24 Khmer Standard Version (KHSV)

10. នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​អណ្ដូង​ប្រេង​ជា​ច្រើន។ ស្ដេច​ក្រុង​សូដុម និង​ស្ដេច​ក្រុង​កូម៉ូ‌រ៉ា បាន​បាក់​ទ័ព រត់​ទៅ​ធ្លាក់​ក្នុង​អណ្ដូង​នោះ ហើយ​ស្ដេច​ឯ​ទៀតៗ​នាំ​គ្នា​រត់​ទៅ​តាម​ភ្នំ។

11. រីឯ​ស្ដេច​ដែល​ច្បាំង​ឈ្នះ បាន​នាំ​គ្នា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។

12. គេ​ក៏​នាំ​លោក​ឡុត​ជា​ក្មួយ​លោក​អាប់រ៉ាម ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទៅ​ជា​មួយ​ដែរ។ លោក​ឡុត​រស់​នៅ​ក្នុង​ក្រុង​សូដុម។

13. មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជម្រាប​លោក​អាប់រ៉ាម ជា​ជន‌ជាតិ​ហេប្រឺ។ លោក​អាប់រ៉ាម​តាំង​ទី​លំ‌នៅ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ។ លោក​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បង‌ប្អូន​របស់​លោក​អែស‌កុល និង​លោក​អាន់‌នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​លោក​អាប់រ៉ាម។

14. កាល​លោក​អាប់រ៉ាម​ទទួល​ដំណឹង​ថា គេ​បាន​ចាប់​ក្មួយ​របស់​លោក​យក​ទៅ​ជា​ឈ្លើយ​សឹក លោក​ក៏​ចែក​អាវុធ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ចំនួន​បី​រយ​ដប់​ប្រាំ​បី​នាក់ ជា​ញាតិ‌សន្ដាន​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក ហើយ​ដេញ​តាម​ស្ដេច​ទាំង​នោះ​ហូត​ទៅ​ដល់​ក្រុង​ដាន់។

15. លោក​បាន​ចែក​កង‌ទ័ព​របស់​លោក​ជា​ក្រុមៗ រួច​វាយ​ស្ដេច​ទាំង​នោះ​នៅ​ពេល​យប់។ លោក​វាយ​ឈ្នះ​ស្ដេច​ទាំង​នោះ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។

16. លោក​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក​វិញ ហើយ​ក៏​នាំ​លោក​ឡុត​ជា​បង‌ប្អូន​របស់​លោក ដោយ​មាន​ទាំង​ទ្រព្យ​សម្បត្តិ ប្រពន្ធ និង​ក្រុម​ញាតិ​ទាំង​អស់​មក​ជា​មួយ​ដែរ។

17. ក្រោយ​ពេល​ដែល​លោក​អាប់រ៉ាម​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្ដេច​កេដូ‌ឡោមើរ និង​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ស្ដេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​លោក​នៅ​ជ្រលង​ភ្នំ​សាវេ គឺ​ជ្រលង​ភ្នំ​ហ្លួង។

18. ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ជា​មហា‌ក្សត្រ​នៅ​ក្រុង​សាឡឹម បាន​ឲ្យ​គេ​យក​នំប៉័ង និង​ស្រា​ទំពាំង‌បាយជូរ​មក​ជូន​លោក​អាប់រ៉ាម។ ស្ដេច​ជា​បូជា‌ចារ្យ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

19. ស្ដេច​បាន​ឲ្យ​ពរ​លោក​អាប់រ៉ាម​ថា៖«សូម​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដីប្រទាន​ពរ​ដល់​លោក​អាប់រ៉ាម

20. សូម​លើក​តម្កើង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង‌ឡាយមក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក!»។លោក​អាប់រ៉ាម​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​រឹប​អូស​បាន មក​ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​មួយ​ភាគ​ដប់។

21. ស្ដេច​ក្រុង​សូដុម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អាប់រ៉ាម​ថា៖ «សូម​លោក​ប្រគល់​ប្រជា‌ជន​មក​យើង ហើយ​ទុក​ទ្រព្យ​សម្បត្តិ​សម្រាប់​លោក​ទៅ»។

22. លោក​អាប់រ៉ាម​ទូល​ស្ដេច​សូដុម​វិញ​ថា៖ «ទូលបង្គំ​សូម​យក​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ធ្វើ​ជា​សាក្សី​ថា

23. ទូលបង្គំ​មិន​យក​អ្វីៗ​ដែល​ជា​សម្បត្តិ​របស់​ព្រះ‌ករុណា​សោះ​ឡើយ សូម្បី​តែ​អំបោះ​មួយ​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​មួយ ក៏​ទូលបង្គំ​មិន​យក​ដែរ កុំ​ឲ្យ​ព្រះ‌ករុណា​មាន​រាជ​ឱង្ការ​ថា “យើង​បាន​ធ្វើ​ឲ្យ​អាប់រ៉ាម​ទៅ​ជា​អ្នក​មាន”។

24. ទូលបង្គំ​មិន​ចង់​បាន​អ្វី​ឡើយ គឺ​សុំ​តែ​ម្ហូប​អាហារ​សម្រាប់​ពួក​យុវជន ដែល​មក​ច្បាំង​ជា​មួយ​ទូលបង្គំ និង​សុំ​យក​អ្វីៗ​ជា​ចំណែក​របស់​អស់​អ្នក ដែល​មក​ជា​មួយ​ទូលបង្គំ​ប៉ុណ្ណោះ គឺ​របស់​លោក​អាន់‌នើរ លោក​អេស‌កុល និង​លោក​ម៉ាមរ៉េ។ អ្នក​ទាំង​នោះ​នឹង​យក​អ្វីៗ​ដែល​ជា​ចំណែក​របស់​ខ្លួន ដោយ​ខ្លួន​ឯង​ផ្ទាល់»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 14