គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 13:5-12 Khmer Standard Version (KHSV)

5. លោក​ឡុត​ដែល​មក​ជា​មួយ​លោក​អាប់រ៉ាម ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​មាន​ជំរំ​ជា​ច្រើន​ដែរ។

6. ស្រុក​នោះ​ពុំ​មាន​លទ្ធ‌ភាព​ឲ្យ​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ឡើយ ដ្បិត​លោក​ទាំង​ពីរ​មាន​សម្បត្តិ​ច្រើន​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​មិន​កើត។

7. ពេល​នោះ ពួក​គង្វាល​ហ្វូង​សត្វ​របស់​លោក​អាប់រ៉ាម និង​ពួក​គង្វាល​ហ្វូង​សត្វ​របស់​លោក​ឡុត កើត​វិវាទ​នឹង​គ្នា។ រីឯ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។

8. លោក​អាប់រ៉ាម​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ឡុត​ថា៖ «អ៊ំ​សូម​អង្វរ​ក្មួយ​ថា សុំ​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​អ៊ំ និង​ក្មួយ ឬ​រវាង​ពួក​គង្វាល​របស់​អ៊ំ និង​ពួក​គង្វាល​របស់​ក្មួយ​ឡើយ ដ្បិត​យើង​ជា​បង‌ប្អូន​នឹង​គ្នា។

9. មើល​នៅ​ចំពោះ​មុខ​ក្មួយ មាន​ស្រុក​ទាំង​មូល​នៅ​ទំនេរ ដូច្នេះ ចូរ​ក្មួយ​បែក​ចេញ​ពី​អ៊ំ​ទៅ​ចុះ បើ​ក្មួយ​ទៅ​ខាង​ឆ្វេង អ៊ំ​នឹង​ទៅ​ខាង​ស្ដាំ ហើយ​បើ​ក្មួយ​ទៅ​ខាង​ស្ដាំ នោះ​អ៊ំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។

10. លោក​ឡុត​ងើប​មុខ​ឡើង សម្លឹង​មើល​ទៅ​ឃើញ​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល មាន​ទឹក​នៅ​គ្រប់​ទី​កន្លែង។ នៅ​មុន​ពេល​ដែលព្រះ‌អម្ចាស់​រំលាយ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ទឹក​ដី​នៅ​កន្លែង​នោះ រហូត​ដល់​ស្រុក​សូអារ ប្រៀប​បាន​ទៅ​នឹង​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់ គឺ​ដូច​ទឹក​ដី​នៅ​ស្រុក​អេស៊ីប​ដែរ។

11. លោក​ឡុត​ជ្រើស‌រើស​យក​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល​សម្រាប់​គាត់ ហើយ​ក៏​ចេញ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត។ លោក​ទាំង​ពីរ​បាន​បែក​ពី​គ្នា តាម​របៀប​នេះ​ឯង។

12. លោក​អាប់រ៉ាម​រស់​នៅ​ក្នុង​ស្រុក​កាណាន រីឯ​លោក​ឡុត​រស់​នៅ​តាម​ទីក្រុង​នានា​ក្នុង​តំបន់​នោះ ហើយ​បោះ​ជំរំ​នៅ​ក្បែរ​ក្រុង​សូដុម។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 13