ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 13 Khmer Standard Version (KHSV)

លោក​ឡុត​បែក​ចេញ​ពី​លោក​អាប់រ៉ាម

1. លោក​អាប់រ៉ាម​បាន​វិល​ត្រឡប់​មក​ពី​ស្រុក​អេស៊ីប​វិញ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប​ជា​មួយ​ភរិយា និង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក។ លោក​ឡុត​ក៏​មក​ជា​មួយ​ដែរ។

2. លោក​អាប់រ៉ាម​មាន​ហ្វូង​សត្វ និង​មាន​មាស​ប្រាក់​ជា​ច្រើន។

3. លោក​បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ដំណាក់ ពី​តំបន់​ណេកិប​រហូត​ទៅ​ដល់​បេត‌អែល ជា​កន្លែង​ដែល​លោក​ធ្លាប់​បោះ​ជំរំ​កាល​ពី​ដំបូង នៅ​ចន្លោះ​បេត‌អែល និង​ក្រុង​អៃ

4. គឺ​នៅ​កន្លែង​ដែល​លោក​បាន​សង់​អាសនៈ​មួយ​កាល​ពី​មុន។ លោក​ក៏​គោរព​បម្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់​នៅ​ទី​នោះ។

5. លោក​ឡុត​ដែល​មក​ជា​មួយ​លោក​អាប់រ៉ាម ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​មាន​ជំរំ​ជា​ច្រើន​ដែរ។

6. ស្រុក​នោះ​ពុំ​មាន​លទ្ធ‌ភាព​ឲ្យ​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ឡើយ ដ្បិត​លោក​ទាំង​ពីរ​មាន​សម្បត្តិ​ច្រើន​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​មិន​កើត។

7. ពេល​នោះ ពួក​គង្វាល​ហ្វូង​សត្វ​របស់​លោក​អាប់រ៉ាម និង​ពួក​គង្វាល​ហ្វូង​សត្វ​របស់​លោក​ឡុត កើត​វិវាទ​នឹង​គ្នា។ រីឯ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។

8. លោក​អាប់រ៉ាម​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ឡុត​ថា៖ «អ៊ំ​សូម​អង្វរ​ក្មួយ​ថា សុំ​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​អ៊ំ និង​ក្មួយ ឬ​រវាង​ពួក​គង្វាល​របស់​អ៊ំ និង​ពួក​គង្វាល​របស់​ក្មួយ​ឡើយ ដ្បិត​យើង​ជា​បង‌ប្អូន​នឹង​គ្នា។

9. មើល​នៅ​ចំពោះ​មុខ​ក្មួយ មាន​ស្រុក​ទាំង​មូល​នៅ​ទំនេរ ដូច្នេះ ចូរ​ក្មួយ​បែក​ចេញ​ពី​អ៊ំ​ទៅ​ចុះ បើ​ក្មួយ​ទៅ​ខាង​ឆ្វេង អ៊ំ​នឹង​ទៅ​ខាង​ស្ដាំ ហើយ​បើ​ក្មួយ​ទៅ​ខាង​ស្ដាំ នោះ​អ៊ំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។

10. លោក​ឡុត​ងើប​មុខ​ឡើង សម្លឹង​មើល​ទៅ​ឃើញ​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល មាន​ទឹក​នៅ​គ្រប់​ទី​កន្លែង។ នៅ​មុន​ពេល​ដែលព្រះ‌អម្ចាស់​រំលាយ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ទឹក​ដី​នៅ​កន្លែង​នោះ រហូត​ដល់​ស្រុក​សូអារ ប្រៀប​បាន​ទៅ​នឹង​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់ គឺ​ដូច​ទឹក​ដី​នៅ​ស្រុក​អេស៊ីប​ដែរ។

11. លោក​ឡុត​ជ្រើស‌រើស​យក​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល​សម្រាប់​គាត់ ហើយ​ក៏​ចេញ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត។ លោក​ទាំង​ពីរ​បាន​បែក​ពី​គ្នា តាម​របៀប​នេះ​ឯង។

12. លោក​អាប់រ៉ាម​រស់​នៅ​ក្នុង​ស្រុក​កាណាន រីឯ​លោក​ឡុត​រស់​នៅ​តាម​ទីក្រុង​នានា​ក្នុង​តំបន់​នោះ ហើយ​បោះ​ជំរំ​នៅ​ក្បែរ​ក្រុង​សូដុម។

13. អ្នក​ក្រុង​សូដុម​សុទ្ធ​តែ​ជា​ជន​ពាល ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។

ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់

14. ក្រោយ​ពេល​លោក​ឡុត​បែក​ចេញ​ពី​លោក​អាប់រ៉ាម​ទៅ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «ចូរ​ងើប​មុខ​មើល​ពី​កន្លែង​ដែល​អ្នក​នៅ​នោះ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ទិស​ខាង​លិច​ទៅ!

15. ដ្បិត​យើង​នឹង​ប្រគល់​ស្រុក​ទាំង​មូល​ដែល​អ្នក​មើល​ឃើញ​នេះ​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​រហូត​ត​ទៅ។

16. យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ដូច​ធូលី​ដី គ្មាន​នរណា​អាច​រាប់​ពូជ‌ពង្ស​របស់​អ្នក​បាន​ឡើយ គឺ​ដូច​ជា​គេ​ពុំ​អាច​រាប់​ធូលី​បាន​យ៉ាង​នោះ​ដែរ។

17. ចូរ​ក្រោក​ឡើង ដើរ​ឲ្យ​សព្វ​ទី​កន្លែង​ក្នុង​ស្រុក​នេះ​ទៅ ដ្បិត​យើង​ប្រគល់​ឲ្យ​អ្នក​ហើយ»។

18. លោក​អាប់រ៉ាម​រើ​ជំរំ​មក​បោះ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ ជិត​ក្រុង​ហេ‌ប្រុន។ នៅ​ទី​នោះ លោក​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់។