គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 9:7-15 Khmer Standard Version (KHSV)

7. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ចូរ​ទៅ​ជិត​អាសនៈ ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប​របស់​បង និង​រំដោះ​បាប​របស់​ប្រជា‌ជន ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដើម្បី​សូម​ព្រះ‌អង្គ​លើក‌លែង​ទោស​បង និង​ប្រជា‌ជន ឲ្យ​បាន​រួច​ពី​បាប​ដែរ។ ចូរ​ថ្វាយ​តង្វាយ​របស់​ប្រជា‌ជន ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ពួក​គេ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់»។

8. លោក​អើរ៉ុន​ក៏​ចូល​ទៅ​ជិត​អាសនៈ ហើយ​ចាក់​ក​កូន​គោ សម្រាប់​រំដោះ​បាប​របស់​លោក​ផ្ទាល់។

9. កូន​របស់​លោក​លើក​ឈាម​សត្វ​ជូន​លោក ហើយ​លោក​ក៏​ជ្រលក់​ម្រាម​ដៃ​ក្នុង​ឈាម រួច​លាប​លើ​ស្នែង​អាសនៈ។ បន្ទាប់​មក លោក​ចាក់​ឈាម​ដែល​នៅ​សល់​ត្រង់​ជើង​អាសនៈ។

10. លោក​ដុត​ខ្លាញ់ ក្រលៀន និង​អ្វីៗ​ដែល​ជាប់​នឹង​ថ្លើម​របស់​សត្វ សម្រាប់​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប​នោះ នៅ​លើ​អាសនៈ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

11. រីឯ​សាច់ និង​ស្បែក លោក​យក​ទៅ​ដុត​នៅ​ក្រៅ​ជំរំ។

12. លោក​អើរ៉ុន​ចាក់​ក​ចៀម​ឈ្មោល ដែល​ជា​តង្វាយ​ដុត​ទាំង​មូល។ កូន​របស់​លោក​យក​ឈាម​ជូន​លោក ហើយ​លោក​ក៏​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

13. ពួក​គេ​យក​សាច់​ដែល​កាប់​ជា​ដុំៗ និង​ក្បាល មក​ជូន​លោក ហើយ​លោក​ដុត​វា​នៅ​លើ​អាសនៈ។

14. លោក​លាង​ពោះ‌វៀន និង​លាង​ជើង​របស់​វា រួច​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ ពី​លើ​តង្វាយ​ដុត​ទាំង​មូល។

15. បន្ទាប់​មក លោក​យក​តង្វាយ​របស់​ប្រជា‌ជន​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​លោក​យក​ពពែ​ឈ្មោល​ដែល​ប្រជា‌ជន​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​មក ហើយ​ចាក់​ក​វា ថ្វាយ​ដូច​យញ្ញ‌បូជា​រំដោះ​បាប​មុន​ដែរ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 9