គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 8:27-36 Khmer Standard Version (KHSV)

27. លោក​ម៉ូសេ​យក​តង្វាយ​ទាំង​អស់​នោះ​ដាក់​លើ​ដៃ​លោក​អើរ៉ុន និង​កូនៗ រួច​បង្គាប់​ឲ្យ​ពួក​គេ​លើក​តង្វាយ​នោះ ថ្វាយ​ព្រះ‌អម្ចាស់។

28. បន្ទាប់​មក លោក​ទទួល​តង្វាយ​ពី​ដៃ​របស់​ពួក​គេ យក​ទៅ​ដុត​លើ​អាសនៈ ពី​លើ​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញ‌បូជា​សម្រាប់​តែង‌តាំង​បូជា‌ចារ្យ ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

29. លោក​ម៉ូសេ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ជា​យញ្ញ‌បូជា​សម្រាប់​តែង‌តាំង​បូជា‌ចារ្យ លើក​ថ្វាយ​ព្រះ‌អម្ចាស់។ សាច់​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​លោក ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

30. លោក​ម៉ូសេ​យក​ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង និង​ឈាម​ខ្លះ​នៅ​លើ​អាសនៈ ប្រោះ​លើ​លោក​អើរ៉ុន ព្រម​ទាំង​សម្លៀក‌បំពាក់​របស់​លោក ហើយ​ប្រោះ​លើ​កូនៗ​របស់​លោក​អើរ៉ុន ព្រម​ទាំង​សម្លៀក‌បំពាក់​របស់​ពួក​គេ។ ធ្វើ​របៀប​នេះ លោក​ញែក​លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក រួម​ទាំង​សម្លៀក‌បំពាក់​របស់​ពួក​គេ ឲ្យ​ទៅ​ជា​វិសុទ្ធ។

31. លោក​ម៉ូសេ​ពោល​ទៅ​កាន់​លោក​អើរ៉ុន និង​កូនៗ​របស់​គាត់​ថា៖ «ចូរ​ចំអិន​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នៅ​កន្លែង​នោះ ជា​មួយ​នំប៉័ង​នៅ​ក្នុង​ល្អី ដែល​ប្រើ​សម្រាប់​ពិធី​តែង‌តាំង​ជា​បូជា‌ចារ្យ ដូច​ខ្ញុំ​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​បរិ‌ភោគ។

32. សាច់ និង​នំប៉័ង ដែល​នៅ​សល់ ត្រូវ​ដុត​ចោល។

33. អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ មិន​ត្រូវ​ចាក​ចេញ​ពី​ទី​នេះ​មុន​ថ្ងៃ​ទី​ប្រាំ‌ពីរ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​តែង‌តាំង​អ្នក​រាល់​គ្នា​ឡើយ។

34. ព្រះ‌អម្ចាស់​ផ្ទាល់​បញ្ជា​ឲ្យ​ធ្វើ​ពិធី​ដូច​យើង​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ ដើម្បី​រំដោះ​អ្នក​រាល់​គ្នា​ពី​អំពើ​បាប។

35. អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ទាំង​យប់ ទាំង​ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នៅ​បម្រើ​ព្រះ‌អម្ចាស់ ដោយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់»។

36. លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 8