គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 8:15-29 Khmer Standard Version (KHSV)

15. លោក​ម៉ូសេ​ចាក់​ក​គោ​យក​ឈាម រួច​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម លាប​លើ​ស្នែង​នៅ​តាម​មុម​ទាំង​បួន​របស់​អាសនៈ ដើម្បី​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ។ លោក​យក​ឈាម​ចាក់​នៅ​ត្រង់​ជើង​អាសនៈ និង​ធ្វើ​ពិធី​រំដោះ​បាប ដើម្បី​ញែក​អាសនៈ​ជា​សក្ការៈ។

16. លោក​យក​ខ្លាញ់​ទាំង​អស់​ដែល​ជាប់​នឹង​ពោះ‌វៀន ថ្លើម ក្រលៀន​ទាំង​ពីរ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន មក​ដុត​នៅ​លើ​អាសនៈ។

17. រីឯ​ស្បែក​គោ សាច់ និង​លាមក លោក​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

18. លោក​នាំ​ចៀម​ឈ្មោល​សម្រាប់​ធ្វើ​តង្វាយ​ដុត​ទាំង​មូល​ចូល​មក ហើយ​លោក​អើរ៉ុន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។

19. លោក​ម៉ូសេ​ចាក់​ក​ចៀម រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

20. លោក​ម៉ូសេ​កាប់​ចៀម​ជា​ដុំៗ រួច​ដុត​ទាំង​ក្បាល ទាំង​ដុំ​សាច់ ទាំង​ខ្លាញ់​ផង។

21. លោក​យក​ទឹក​លាង​ពោះ‌វៀន និង​លាង​ជើង​របស់​វា ហើយ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

22. លោក​នាំ​ចៀម​ឈ្មោល​ទី​ពីរ​ចូល​មក គឺ​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​បូជា‌ចារ្យ។ លោក​អើរ៉ុន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។

23. លោក​ម៉ូសេ​ចាក់​ក​ចៀម រួច​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​លោក​អើរ៉ុន។

24. បន្ទាប់​មក លោក​ក៏​នាំ​កូនៗ​លោក​អើរ៉ុន​ចូល​មក ហើយ​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​ពួក​គេ។ លោក​ប្រោះ​ឈាម​ដែល​នៅ​សល់​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

25. លោក​យក​ខ្លាញ់ កន្ទុយ ខ្លាញ់​ទាំង​អស់​ដែល​ជាប់​នឹង​ពោះ‌វៀន អ្វីៗ​ដែល​ជាប់​នឹង​ថ្លើម ក្រលៀន​ទាំង​ពីរ ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន និង​ភ្លៅ​ស្ដាំ

26. រួច​យក​នំប៉័ង​ឥត​មេ​នៅ​ក្នុង​ល្អី​ដែល​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នំ​ធ្វើ​ពី​ម្សៅ​លាយ​ជា​មួយ​ប្រេង និង​នំ​ក្រៀប ទៅ​ដាក់​នៅ​លើ​ខ្លាញ់ និង​ភ្លៅ​ស្ដាំ។

27. លោក​ម៉ូសេ​យក​តង្វាយ​ទាំង​អស់​នោះ​ដាក់​លើ​ដៃ​លោក​អើរ៉ុន និង​កូនៗ រួច​បង្គាប់​ឲ្យ​ពួក​គេ​លើក​តង្វាយ​នោះ ថ្វាយ​ព្រះ‌អម្ចាស់។

28. បន្ទាប់​មក លោក​ទទួល​តង្វាយ​ពី​ដៃ​របស់​ពួក​គេ យក​ទៅ​ដុត​លើ​អាសនៈ ពី​លើ​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញ‌បូជា​សម្រាប់​តែង‌តាំង​បូជា‌ចារ្យ ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

29. លោក​ម៉ូសេ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ជា​យញ្ញ‌បូជា​សម្រាប់​តែង‌តាំង​បូជា‌ចារ្យ លើក​ថ្វាយ​ព្រះ‌អម្ចាស់។ សាច់​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​លោក ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 8