គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 7:7-22 Khmer Standard Version (KHSV)

7. ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​ស្ដី​អំពី​យញ្ញ‌បូជា​លោះ​បាប ក៏​ដូច​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។ សាច់​របស់​សត្វ​ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ ដែល​ធ្វើ​ពិធី​រំដោះ​បាប»។

8. «ប្រសិន​បើ​បូជា‌ចារ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​របស់​នរណា​ម្នាក់ ស្បែក​សត្វ​ដែល​គេ​ថ្វាយ​នោះ ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ។

9. តង្វាយ​ម្សៅ​ទាំង​អស់ ទោះ​បី​នំ​ដែល​ដុត​ក្នុង​ឡ ឬ​ដុត​ក្នុង​ពុម្ព ឬ​នំ​ចៀន ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ​ដែល​ធ្វើ​ពិធី​នោះ។

10. រីឯ​តង្វាយ​ម្សៅ​ទាំង​ប៉ុន្មាន ដែល​លាយ​ជា​មួយ​ប្រេង ឬ​មិន​ទាន់​លាយ​ក្ដី ត្រូវ​បាន​ជា​ចំណែក​ស្មើៗ​គ្នា សម្រាប់​កូន​ទាំង​អស់​របស់​អើរ៉ុន»។

11. «នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​យញ្ញ‌បូជា​មេត្រី‌ភាព ដែល​គេ​ថ្វាយ​ព្រះ‌អម្ចាស់។

12. ប្រសិន​បើ​នរណា​ម្នាក់​ថ្វាយ​តង្វាយ សម្រាប់​សម្តែង​ការ​អរ​ព្រះ‌គុណ ត្រូវ​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ លាយ​ជា​មួយ​ប្រេង នំ​ក្រៀប លាយ​ជា​មួយ​ប្រេង និង​ធ្វើ​ពី​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង មក​ថ្វាយ​ជា​មួយ​យញ្ញ‌បូជា​សម្រាប់​អរ​ព្រះ‌គុណ។

13. គេ​ត្រូវ​យក​នំប៉័ង​ដែល​មាន​មេ​មក​ថ្វាយ រួម​ជា​មួយ​យញ្ញ‌បូជា​មេត្រី‌ភាព​សម្រាប់​អរ​ព្រះ‌គុណ​ដែរ។

14. ត្រូវ​រំលែក​នំ​ដែល​គេ​យក​មក​ថ្វាយ ក្នុង​ប្រភេទ​នីមួយៗ​យក​នំ​មួយ ទុក​សម្រាប់​ព្រះ‌អម្ចាស់ គឺ​ជា​ចំណែក​របស់​បូជា‌ចារ្យ ដែល​ធ្វើ​ពិធី​ប្រោះ​ឈាម​សត្វ ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។

15. រីឯ​សាច់​សត្វ​ដែល​គេ​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព សម្រាប់​អរ​ព្រះ‌គុណ ត្រូវ​តែ​បរិភោគ​ឲ្យ​អស់​នៅ​ថ្ងៃ​នោះ គឺ​មិន​ត្រូវ​ទុក​ឲ្យ​នៅ​សល់​រហូត​ដល់​ស្អែក​ឡើយ។

16. ប្រសិន​បើ​យញ្ញ‌បូជា​ដែល​គេ​យក​មក​ថ្វាយ​ជា​តង្វាយ​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត ត្រូវ​បរិភោគ​សាច់​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ថ្ងៃ​នោះ ហើយ​សាច់​នៅ​សល់​ក៏​អាច​បរិភោគ​រហូត​ដល់​ថ្ងៃ​ស្អែក​ដែរ។

17. ប៉ុន្តែ បើ​មាន​សាច់​នៃ​យញ្ញ‌បូជា​នេះ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី​បី គេ​ត្រូវ​តែ​ដុត​វា។

18. នៅ​ថ្ងៃ​ទី​បី ប្រសិន​បើ​នរណា​ម្នាក់​បរិភោគ​សាច់​ដែល​ខ្លួន​បាន​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព អ្នក​នោះ​នឹង​នាំ​ឲ្យ​ខ្លួន​មាន​ទោស។ ព្រះ‌អម្ចាស់​មិន​ព្រម​ទទួល​យញ្ញ‌បូជា​របស់​គេ​ទេ ព្រោះ​ជា​យញ្ញ‌បូជា​ឥត​បាន​ការ ហើយ​ជា​សាច់​សៅ‌ហ្មង។

19. ប្រសិន​បើ​សាច់​នោះ​ទៅ​ប៉ះ​នឹង​វត្ថុ​មិន​បរិសុទ្ធ មិន​ត្រូវ​បរិភោគ​វា​ឡើយ គឺ​ត្រូវ​តែ​ដុត​ចោល។ មាន​តែ​អ្នក​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​អាច​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា​បាន។

20. ប្រសិន​បើ​នរណា​ម្នាក់​មិន​បរិសុទ្ធ ហើយ​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា​មេត្រី‌ភាព​ដែល​គេ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​តែ​បណ្ដេញ​អ្នក​នោះ​ចេញ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន។

21. រីឯ​អ្នក​ដែល​ប៉ះ‌ពាល់​វត្ថុ​មិន​បរិសុទ្ធ មនុស្ស​មិន​បរិសុទ្ធ ឬ​សត្វ​មិន​បរិសុទ្ធ ឬ​អ្វីៗ​មិន​បរិសុទ្ធ គួរ​ស្អប់​ខ្ពើម រួច​បរិភោគ​សាច់​របស់​យញ្ញ‌បូជា​មេត្រី‌ភាព ដែល​គេ​ថ្វាយ​ព្រះ‌អម្ចាស់ ក៏​ត្រូវ​តែ​បណ្ដេញ​ចេញ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន​ដែរ»។

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

សូមអានជំពូកពេញលេញ លេវី‌វិន័យ 7