26. ទោះបីអ្នករាល់គ្នាទៅរស់នៅទីណាក្ដី មិនត្រូវបរិភោគឈាមរបស់សត្វចតុប្បាទ ឬសត្វស្លាបឡើយ។
27. អ្នកណាបរិភោគឈាម អ្នកនោះនឹងត្រូវបណ្ដេញចេញពីកុលសម្ព័ន្ធរបស់ខ្លួន”»។
28. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
29. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើនរណាម្នាក់ថ្វាយយញ្ញបូជាមេត្រីភាព គេត្រូវយកចំណែករបស់ព្រះអម្ចាស់ថ្វាយព្រះអង្គ។
30. គេត្រូវយកតង្វាយដុតដែលជាចំណែករបស់ព្រះអម្ចាស់ មកថ្វាយព្រះអង្គ ដោយផ្ទាល់ដៃ គឺមានខ្លាញ់ និងសាច់ទ្រូង ដែលត្រូវលើកថ្វាយព្រះអង្គ។
31. បូជាចារ្យដុតខ្លាញ់នៅលើអាសនៈ រីឯសាច់ទ្រូងត្រូវបានទៅលោកអើរ៉ុន និងកូនៗរបស់គាត់។
32. ត្រូវរំលែកភ្លៅស្ដាំរបស់សត្វដែលអ្នករាល់គ្នាថ្វាយជាយញ្ញបូជាមេត្រីភាពនោះ ជូនទៅបូជាចារ្យផងដែរ។
33. ភ្លៅស្ដាំនេះត្រូវបានជាចំណែករបស់បូជាចារ្យណាដែលថ្វាយខ្លាញ់ និងឈាមនៅលើអាសនៈ។
34. យើងនឹងយកសាច់ទ្រូងដែលគេលើកថ្វាយ និងភ្លៅដែលគេរំលែកពីយញ្ញបូជាមេត្រីភាពរបស់ជនជាតិអ៊ីស្រាអែល ប្រគល់ឲ្យបូជាចារ្យអើរ៉ុន និងកូនចៅរបស់គាត់។ ជនជាតិអ៊ីស្រាអែលត្រូវប្រគល់ចំណែកទាំងនេះជូនបូជាចារ្យ រហូតតរៀងទៅ។
35. នេះជាចំណែកនៃយញ្ញបូជាដែលត្រូវបានទៅលោកអើរ៉ុន និងកូនចៅរបស់គាត់ ចាប់ពីថ្ងៃដែលពួកគេបានទទួលការតែងតាំងជាបូជាចារ្យបម្រើព្រះអម្ចាស់។
36. ព្រះអម្ចាស់បង្គាប់ជនជាតិអ៊ីស្រាអែល ឲ្យប្រគល់ចំណែកទាំងនេះដល់ពួកគេ ចាប់តាំងពីថ្ងៃដែលពួកគេបានទទួលការចាក់ប្រេងតែងតាំងជាបូជាចារ្យ។ នេះជាច្បាប់ដែលត្រូវតែអនុវត្តតាមគ្រប់ជំនាន់តរៀងទៅ ឥតប្រែប្រួលឡើយ»។
37. នេះជាក្រឹត្យវិន័យទាំងប៉ុន្មានស្ដីអំពីតង្វាយដុតទាំងមូល តង្វាយម្សៅ យញ្ញបូជារំដោះបាប យញ្ញបូជាលោះបាប យញ្ញបូជាសម្រាប់តែងតាំងបូជាចារ្យ និងយញ្ញបូជាមេត្រីភាព។
38. ព្រះអម្ចាស់ប្រគល់ក្រឹត្យវិន័យទាំងនេះមកលោកម៉ូសេ នៅភ្នំស៊ីណៃ នាថ្ងៃដែលព្រះអង្គបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលយកតង្វាយមកថ្វាយព្រះអង្គ នៅវាលរហោស្ថានស៊ីណៃ។