គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 7:25-38 Khmer Standard Version (KHSV)

25. ប្រសិន​បើ​នរណា​បរិភោគ​ខ្លាញ់​សត្វ ដែល​គេ​បាន​ថ្វាយ​ជា​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ត្រូវ​បណ្ដេញ​អ្នក​នោះ​ចេញ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន។

26. ទោះ​បី​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​ទី​ណា​ក្ដី មិន​ត្រូវ​បរិភោគ​ឈាម​របស់​សត្វ​ចតុប្បាទ ឬ​សត្វ​ស្លាប​ឡើយ។

27. អ្នក​ណា​បរិភោគ​ឈាម អ្នក​នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន”»។

28. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

29. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​នរណា​ម្នាក់​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព គេ​ត្រូវ​យក​ចំណែក​របស់​ព្រះ‌អម្ចាស់​ថ្វាយ​ព្រះ‌អង្គ។

30. គេ​ត្រូវ​យក​តង្វាយ​ដុត​ដែល​ជា​ចំណែក​របស់​ព្រះ‌អម្ចាស់ មក​ថ្វាយ​ព្រះ‌អង្គ ដោយ​ផ្ទាល់​ដៃ គឺ​មាន​ខ្លាញ់ និង​សាច់​ទ្រូង ដែល​ត្រូវ​លើក​ថ្វាយ​ព្រះ‌អង្គ។

31. បូជា‌ចារ្យ​ដុត​ខ្លាញ់​នៅ​លើ​អាសនៈ រីឯ​សាច់​ទ្រូង​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូនៗ​របស់​គាត់។

32. ត្រូវ​រំលែក​ភ្លៅ​ស្ដាំ​របស់​សត្វ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​នោះ ជូន​ទៅ​បូជា‌ចារ្យ​ផង​ដែរ។

33. ភ្លៅ​ស្ដាំ​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ​ណា​ដែល​ថ្វាយ​ខ្លាញ់ និង​ឈាម​នៅ​លើ​អាសនៈ។

34. យើង​នឹង​យក​សាច់​ទ្រូង​ដែល​គេ​លើក​ថ្វាយ និង​ភ្លៅ​ដែល​គេ​រំលែក​ពី​យញ្ញ‌បូជា​មេត្រី‌ភាព​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រគល់​ឲ្យ​បូជា‌ចារ្យ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ប្រគល់​ចំណែក​ទាំង​នេះ​ជូន​បូជា‌ចារ្យ រហូត​ត​រៀង​ទៅ។

35. នេះ​ជា​ចំណែក​នៃ​យញ្ញ‌បូជា​ដែល​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ចាប់​ពី​ថ្ងៃ​ដែល​ពួក​គេ​បាន​ទទួល​ការ​តែង‌តាំង​ជា​បូជា‌ចារ្យ​បម្រើ​ព្រះ‌អម្ចាស់។

36. ព្រះ‌អម្ចាស់​បង្គាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​ប្រគល់​ចំណែក​ទាំង​នេះ​ដល់​ពួក​គេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​គេ​បាន​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង​ជា​បូជា‌ចារ្យ។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​តែ​អនុវត្ត​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ»។

37. នេះ​ជា​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​ស្ដី​អំពី​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ យញ្ញ‌បូជា​រំដោះ​បាប យញ្ញ‌បូជា​លោះ​បាប យញ្ញ‌បូជា​សម្រាប់​តែង‌តាំង​បូជា‌ចារ្យ និង​យញ្ញ‌បូជា​មេត្រី‌ភាព។

38. ព្រះ‌អម្ចាស់​ប្រគល់​ក្រឹត្យ‌វិន័យ​ទាំង​នេះ​មក​លោក​ម៉ូសេ នៅ​ភ្នំ​ស៊ីណៃ នា​ថ្ងៃ​ដែល​ព្រះ‌អង្គ​បង្គាប់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ នៅ​វាល​រហោ​ស្ថាន​ស៊ីណៃ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 7