គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 5:1-13 Khmer Standard Version (KHSV)

1. ប្រសិន​បើ​នរណា​ម្នាក់​ជា​សាក្សី បាន​ឮ​មនុស្ស​ម្នាក់​ទៀត​និយាយ​ស្បថ​បំពាន ហើយ​មិន​ព្រម​ប្រាប់​ពី​ហេតុ‌ការណ៍​ដែល​ខ្លួន​បាន​ឃើញ និង​បាន​ឮ​ទេ​នោះ គាត់​មាន​បាប ហើយ​ត្រូវ​ទទួល​ទោស។

2. ប្រសិន​បើ​នរណា​ម្នាក់​ប៉ះ‌ពាល់​អ្វី​មួយ​ដែល​មិន​បរិសុទ្ធ ដូច​ជា​ប៉ះ‌ពាល់​ខ្មោច សត្វ​ព្រៃ ឬ​សត្វ​ស្រុក​ដែល​មិន​បរិសុទ្ធ ឬ​ខ្មោច​សត្វ​លូន​វារ​ដែល​មិន​បរិសុទ្ធ ទោះ​បី​គេ​ប៉ះ‌ពាល់​ដោយ​អចេតនា​ក្ដី ក៏​គេ​ត្រូវ​សៅ‌ហ្មង បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស​ដែរ។

3. ប្រសិន​បើ​នរណា​ម្នាក់​ប៉ះ‌ពាល់​មនុស្ស​មិន​បរិសុទ្ធ​ដោយ​អចេតនា ធ្វើ​ឲ្យ​ខ្លួន​ឯង​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ​នោះ នៅ​ពេល​គេ​ដឹង​ខ្លួន គេ​នឹង​ត្រូវ​ទទួល​ទោស។

4. ប្រសិន​បើ​នរណា​ម្នាក់​ស្បថ​លេង​ដោយ​អចេតនា ជា​សម្បថ​ដែល​មាន​ប្រយោជន៍ ឬ​អត់​ប្រយោជន៍ ទោះ​បី​អំពី​រឿង​អ្វី​ក៏​ដោយ នៅ​ពេល​គេ​ដឹង​ខ្លួន គេ​នឹង​ត្រូវ​ទទួល​ទោស។

5. ពេល​នរណា​ម្នាក់​មាន​ទោស ដោយ​ប្រព្រឹត្ត​កំហុស​ណា​មួយ​ដូច​ខាង​លើ​នេះ គេ​ត្រូវ​សារ​ភាព​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

6. បន្ទាប់​មក គេ​ត្រូវ​នាំ​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​សម្រាប់​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ពេល​នោះ បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ។

7. «ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​លទ្ធ‌ភាព​នឹង​ថ្វាយ​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ​ទេ​នោះ គេ​អាច​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សត្វ​មួយ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល។

8. គាត់​ត្រូវ​យក​សត្វ​ទាំង​នោះ​ទៅ​ជូន​លោក​បូជា‌ចារ្យ។ មុន​ដំបូង លោក​ត្រូវ​ថ្វាយ​សត្វ​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប គឺ​លោក​មួល​ក​សត្វ​នោះ តែ​មិន​ផ្ដាច់​ក្បាល​វា​ចេញ​ពី​ខ្លួន​ទេ។

9. លោក​យក​ឈាម​ខ្លះ​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​នោះ ប្រោះ​ទៅ​លើ​ជញ្ជាំង​អាសនៈ ហើយ​ចាក់​ឈាម​ដែល​នៅ​សល់​ត្រង់​ជើង​របស់​អាសនៈ។ នេះ​ជា​យញ្ញ‌បូជា​រំដោះ​បាប។

10. បន្ទាប់​មក លោក​បូជា‌ចារ្យ​ថ្វាយ​សត្វ​ទី​ពីរ​ជា​តង្វាយ​ដុត​ទាំង​មូល ស្រប​តាម​ច្បាប់។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។

11. ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​លទ្ធ‌ភាព​នឹង​ថ្វាយ​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ​ទេ​នោះ គេ​អាច​យក​ម្សៅ​ម៉ដ្ដ​មួយ​ភាគ​ដប់​នៃ​អេផា* មក​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ ប៉ុន្តែ គេ​មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​គ្រឿង​ក្រអូប​ពី​លើ​ម្សៅ​នោះ​ទេ ព្រោះ​ជា​យញ្ញ‌បូជា​រំដោះ​បាប។

12. គេ​យក​ម្សៅ​នោះ​ទៅ​ជូន​លោក​បូជា‌ចារ្យ។ លោក​បូជា‌ចារ្យ យក​ម្សៅ​ពេញ​មួយ​ក្ដាប់ ទុក​ជា​ទី​រំឭក* ហើយ​ដុត​ម្សៅ​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​យញ្ញ‌បូជា​ឯ​ទៀតៗ​ដែល​គេ​ដុត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ នេះ​ជា​តង្វាយ​រំដោះ​បាប។

13. លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ណា​មួយ​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។ បូជា‌ចារ្យ​ធ្វើ​ដូច្នេះ ដូច​ថ្វាយ​តង្វាយ​ម្សៅ​ឯ​ទៀតៗ​ដែរ»។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 5