គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 4:24-35 Khmer Standard Version (KHSV)

24. គាត់​ដាក់​ដៃ​លើ​ក្បាល​ពពែ​ឈ្មោល​នោះ ហើយ​ចាក់​ក​វា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញ‌បូជា​រំដោះ​បាប។

25. លោក​បូជា‌ចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួច​លោក​យក​ឈាម​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។

26. លោក​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​អាសនៈ ដូច​លោក​ដុត​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​មេ​ដឹក​នាំ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប»។

27. ប្រសិន​បើ​ប្រជា‌ជន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស

28. នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ញី​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សូម​ឲ្យ​រួច​ពី​បាប។

29. គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​ចាក់​ក​វា នៅ​ត្រង់​កន្លែង​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។

30. លោក​បូជា‌ចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួច​លោក​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។

31. លោក​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ពពែ​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។

32. ប្រសិន​បើ​អ្នក​នោះ​ចង់​ថ្វាយ​ចៀម​ជា​តង្វាយ​រំដោះ​បាប គេ​ត្រូវ​ថ្វាយ​ចៀម​ញី​ល្អ​ឥត​ខ្ចោះ។

33. គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​ចាក់​ក​វា​នៅ​ត្រង់​កន្លែង​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។

34. លោក​បូជា‌ចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ហើយ​លោក​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។

35. លោក​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ចៀម​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​កូន​ចៀម ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 4