គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 4:17-28 Khmer Standard Version (KHSV)

17. លោក​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ខាង​មុខ​វាំងនន។

18. លោក​យក​ឈាម​នោះ​លាប​លើ​ស្នែង​អាសនៈ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ បន្ទាប់​មក លោក​យក​ឈាម​ដែល​នៅ​សល់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​ធ្វើ​យញ្ញ‌បូជា ដែល​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

19. លោក​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​បា​ដុត​នៅ​លើ​អាសនៈ។

20. លោក​ធ្វើ​ពិធី​ថ្វាយ​យញ្ញ‌បូជា​គោ​បា​នេះ ដូច​លោក​ធ្វើ​ចំពោះ​គោ​បា​សម្រាប់​រំដោះ​បាប​ដែរ គឺ​ធ្វើ​តាម​របៀប​ដូច​គ្នា។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ប្រជា‌ជន ហើយ​ពួក​គេ​ក៏​បាន​រួច​ពី​បាប។

21. បន្ទាប់​មក លោក​យក​គោ​បា​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ រួច​ដុត​វា ដូច​ដុត​គោ​សម្រាប់​រំដោះ​បាប​ដែរ។ នេះ​ជា​យញ្ញ‌បូជា​រំដោះ​បាប​របស់​សហគមន៍​អ៊ីស្រា‌អែល»។

22. «ប្រសិន​បើ​មេ​ដឹក​នាំ​ណា​មួយ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គាត់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស

23. នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់។

24. គាត់​ដាក់​ដៃ​លើ​ក្បាល​ពពែ​ឈ្មោល​នោះ ហើយ​ចាក់​ក​វា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញ‌បូជា​រំដោះ​បាប។

25. លោក​បូជា‌ចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួច​លោក​យក​ឈាម​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។

26. លោក​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​អាសនៈ ដូច​លោក​ដុត​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​មេ​ដឹក​នាំ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប»។

27. ប្រសិន​បើ​ប្រជា‌ជន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស

28. នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ញី​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សូម​ឲ្យ​រួច​ពី​បាប។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 4