គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 27:7-21 Khmer Standard Version (KHSV)

7. ចំពោះ​ចាស់ៗ​មាន​អាយុ​ពី​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ត្រូវ​គិត​បួន​តម្លឹង​កន្លះ​សម្រាប់​មនុស្ស​ប្រុស ហើយ​បី​តម្លឹង​សម្រាប់​មនុស្ស​ស្រី។

8. ប្រសិន​បើ​អ្នក​បន់​នោះ​ជា​ជន​ក្រីក្រ​ពេក ពុំ​អាច​បង់​ប្រាក់​តាម​ការ​វាយ​តម្លៃ​នេះ ត្រូវ​នាំ​អ្នក​ដែល​ខ្លួន​សន្យា​ថ្វាយ​នោះ ទៅ​ជួប​បូជា‌ចារ្យ ហើយ​បូជា‌ចារ្យ​នឹង​វាយ​តម្លៃ​គាត់ ដោយ​គិត​តាម​កម្រិត​ជីវ‌ភាព​របស់​អ្នក​បន់។

9. ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​យក​សត្វ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ចាត់​ទុក​សត្វ​ទាំង​នោះ​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អង្គ។

10. មិន​ត្រូវ​យក​អ្វី​មក​ដោះ‌ដូរ​សត្វ​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អង្គ​ឡើយ គឺ​មិន​ត្រូវ​យក​សត្វ​ល្អ មក​ដូរ​យក​សត្វ​អាក្រក់ ឬ​យក​សត្វ​អាក្រក់​មក​ដូរ​យក​សត្វ​ល្អ​ទេ។ បើ​អ្នក​ណា​យក​សត្វ​មួយ​មក​ដូរ​សត្វ​មួយ​ទៀត ត្រូវ​ចាត់​ទុក​សត្វ​ទាំង​ពីរ​ជា​សក្ការៈ។

11. ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​ថ្វាយ​សត្វ​មិន​បរិសុទ្ធ គឺ​សត្វ​ដែល​មិន​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​នាំ​សត្វ​នោះ​ទៅ​ជូន​បូជា‌ចារ្យ

12. បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​គុណ‌ភាព​របស់​សត្វ​នោះ រួច​វាយ​តម្លៃ។

13. ប្រសិន​បើ​ម្ចាស់​សត្វ​ចង់​លោះ​សត្វ​យក​ទៅ​វិញ ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត។

14. ប្រសិន​បើ​នរណា​ម្នាក់​ចង់​ញែក​ផ្ទះ​របស់​ខ្លួន​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​សភាព​ផ្ទះ​នោះ​នៅ​ល្អ ឬ​មិន​ល្អ រួច​វាយ​តម្លៃ។

15. ប្រសិន​បើ​ម្ចាស់​ផ្ទះ​ចង់​លោះ​ផ្ទះ​របស់​ខ្លួន គាត់​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត ហើយ​ផ្ទះ​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​ខ្លួន​វិញ។

16. ប្រសិន​បើ​នរណា​ម្នាក់​ចង់​ញែក​ដី‌ធ្លី​របស់​ខ្លួន​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​វាយ​តម្លៃ​ដី​ដោយ​គិត​តាម​ចំនួន​ស្រូវ​ដែល​សាប​ព្រោះ គឺ​ស្រូវ​ដប់‌ពីរ​ថាំង​គិត​ជា​ប្រាក់​ដប់​ប្រាំ​តម្លឹង។

17. ប្រសិន​បើ​អ្នក​នោះ​ញែក​ដី​របស់​ខ្លួន​ទុក​ជា​សក្ការៈ នៅ​ឆ្នាំ​មេត្តា​ករុណា ត្រូវ​វាយ​តម្លៃ​ដី​ទៅ​តាម​នោះ​ដែរ។

18. ប្រសិន​បើ​គេ​ញែក​ដី​របស់​ខ្លួន​ទុក​ជា​សក្ការៈ ក្រោយ​ឆ្នាំ​មេត្តា​ករុណា ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា​ខាង​មុខ។

19. បើ​ម្ចាស់​ដី​ចង់​លោះ​ដី​របស់​ខ្លួន គេ​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដី ហើយ​ដី​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​គេ​វិញ។

20. ប្រសិន​បើ​គេ​មិន​ចង់​លោះ​ដី​ទេ តែ​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង នោះ​គេ​មិន​អាច​លោះ​យក​ដី​របស់​ខ្លួន​មក​វិញ​ឡើយ។

21. នៅ​ឆ្នាំ​មេត្តា​ករុណា ពេល​អ្នក​ទិញ​ត្រូវ​ចាក​ចេញ ដី​នោះ​នឹង​ទៅ​ជា​ដី​ដ៏​សក្ការៈ​របស់​ព្រះ‌អម្ចាស់ ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អង្គ ហើយ​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​បូជា‌ចារ្យ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 27