គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 27:15-31 Khmer Standard Version (KHSV)

15. ប្រសិន​បើ​ម្ចាស់​ផ្ទះ​ចង់​លោះ​ផ្ទះ​របស់​ខ្លួន គាត់​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត ហើយ​ផ្ទះ​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​ខ្លួន​វិញ។

16. ប្រសិន​បើ​នរណា​ម្នាក់​ចង់​ញែក​ដី‌ធ្លី​របស់​ខ្លួន​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​វាយ​តម្លៃ​ដី​ដោយ​គិត​តាម​ចំនួន​ស្រូវ​ដែល​សាប​ព្រោះ គឺ​ស្រូវ​ដប់‌ពីរ​ថាំង​គិត​ជា​ប្រាក់​ដប់​ប្រាំ​តម្លឹង។

17. ប្រសិន​បើ​អ្នក​នោះ​ញែក​ដី​របស់​ខ្លួន​ទុក​ជា​សក្ការៈ នៅ​ឆ្នាំ​មេត្តា​ករុណា ត្រូវ​វាយ​តម្លៃ​ដី​ទៅ​តាម​នោះ​ដែរ។

18. ប្រសិន​បើ​គេ​ញែក​ដី​របស់​ខ្លួន​ទុក​ជា​សក្ការៈ ក្រោយ​ឆ្នាំ​មេត្តា​ករុណា ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា​ខាង​មុខ។

19. បើ​ម្ចាស់​ដី​ចង់​លោះ​ដី​របស់​ខ្លួន គេ​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដី ហើយ​ដី​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​គេ​វិញ។

20. ប្រសិន​បើ​គេ​មិន​ចង់​លោះ​ដី​ទេ តែ​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង នោះ​គេ​មិន​អាច​លោះ​យក​ដី​របស់​ខ្លួន​មក​វិញ​ឡើយ។

21. នៅ​ឆ្នាំ​មេត្តា​ករុណា ពេល​អ្នក​ទិញ​ត្រូវ​ចាក​ចេញ ដី​នោះ​នឹង​ទៅ​ជា​ដី​ដ៏​សក្ការៈ​របស់​ព្រះ‌អម្ចាស់ ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អង្គ ហើយ​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​បូជា‌ចារ្យ។

22. ប្រសិន​បើ​នរណា​ម្នាក់​ញែក​ដី​មួយ​ដុំ​ថ្វាយ​ជា​សក្ការៈ​ដល់​ព្រះ‌អម្ចាស់ ហើយ​ដី​នោះ​ជា​ដី​ដែល​គាត់​ទិញ គឺ​មិន​មែន​ជា​កេរ‌អាករ

23. បូជា‌ចារ្យ​ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា ម្ចាស់​ដី​ត្រូវ​បង់​ប្រាក់​នៅ​ថ្ងៃ​នោះ​តាម​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត ហើយ​ប្រាក់​ថ្លៃ​ដី​ត្រូវ​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់។

24. លុះ​ដល់​ឆ្នាំ​មេត្តា​ករុណា ដី​នោះ​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ដើម​វិញ។

25. ការ​វាយ​តម្លៃ​ទាំង​អស់​ត្រូវ​គិត​តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ គឺ​ឯក‌តា​នីមួយៗ​ស្មើ​នឹង​ម្ភៃ​កេរ៉ា*។

26. មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ញែក​កូន​ដំបូង​ពី​ហ្វូង​សត្វ​របស់​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់​ឡើយ ដ្បិត​កូន​ដំបូង​របស់​សត្វ គឺ​ទាំង​កូន​គោ ទាំង​កូន​ចៀម ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ រួច​ស្រេច​ទៅ​ហើយ។

27. ប្រសិន​បើ​សត្វ​នោះ​ជា​សត្វ​មិន​បរិសុទ្ធ ត្រូវ​ឲ្យ​គេ​លោះ​តាម​តម្លៃ​ដែល​អ្នក​បាន​គិត ដោយ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ​ពី​លើ។ ប្រសិន​បើ​គេ​មិន​ចង់​លោះ​ទេ ត្រូវ​លក់​សត្វ​នោះ​ទៅ​ឲ្យ​អ្នក​ផ្សេង តាម​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត។

28. បើ​នរណា​ម្នាក់​ថ្វាយ​របស់​អ្វី​មួយ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គេ​ពុំ​អាច​លក់ ឬ​ក៏​លោះ​យក​តង្វាយ​នោះ​ឡើយ ទោះ​បី​តង្វាយ​នោះ​ជា​មនុស្ស ជា​សត្វ ជា​ដី‌ធ្លី​ក៏​ដោយ។ អ្វីៗ​ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ នឹង​បាន​ទៅ​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អង្គ​រហូត។

29. រីឯ​មនុស្ស​ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គ្មាន​នរណា​មាន​សិទ្ធិ​លោះ​ឡើយ គឺ​ត្រូវ​តែ​ប្រហារ​ជីវិត។

30. តង្វាយ​មួយ​ភាគ​ដប់​ទាំង​អស់​គឺ​ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ឬ​ផ្លែ​ឈើ​ក្ដី ត្រូវ​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់។

31. ប្រសិន​បើ​នរណា​ម្នាក់​ចង់​លោះ​តង្វាយ​មួយ​ភាគ​ដប់​មក​វិញ ត្រូវ​បង់​ប្រាក់​ចំនួន​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 27