គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 26:4-17 Khmer Standard Version (KHSV)

4. នោះ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា តាម​រដូវ​កាល។ ដី​នឹង​ផ្ដល់​ភោគ‌ផល ហើយ​ដើម​ឈើ​ក៏​ផ្ដល់​ផ្លែ​ដែរ។

5. អ្នក​រាល់​គ្នា​នឹង​បោក​បែន​ស្រូវ រហូត​ដល់​ពេល​បេះ​ផ្លែ​ទំពាំង‌បាយជូរ ហើយ​អ្នក​រាល់​គ្នា​នឹង​បេះ​ផ្លែ​ទំពាំង‌បាយជូរ រហូត​ដល់​ពេល​សាប​ព្រោះ។ អ្នក​រាល់​គ្នា​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ហើយ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​យ៉ាង​សុខ‌សាន្ត។

6. យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​សុខ​សន្តិ‌ភាព អ្នក​រាល់​គ្នា​នឹង​សម្រាក​យ៉ាង​សុខ​ស្រួល គ្មាន​នរណា​មក​ធ្វើ​ឲ្យ​ភ័យ​ខ្លាច​ឡើយ។ យើង​កំចាត់​សត្វ​សាហាវ​ឲ្យ​អស់​ពី​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ហើយ​ក៏​គ្មាន​សង្គ្រាម​កើត​មាន​នៅ​ស្រុក​របស់​អ្នក​រាល់​គ្នា​ដែរ។

7. អ្នក​រាល់​គ្នា​ដេញ​តាម​ខ្មាំង​សត្រូវ ពួក​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ​នៅ​មុខ​អ្នក​រាល់​គ្នា។

8. អ្នក​រាល់​គ្នា​តែ​ប្រាំ​នាក់​នឹង​ដេញ​ប្រហារ​សត្រូវ​មួយ​រយ​នាក់ ហើយ​អ្នក​រាល់​គ្នា​មួយ​រយ​នាក់​នឹង​ដេញ​ប្រហារ​សត្រូវ​មួយ​ម៉ឺន​នាក់។ ខ្មាំង​សត្រូវ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ នៅ​មុខ​អ្នក​រាល់​គ្នា។

9. យើង​នឹង​សម្តែង​ចិត្ត​មេត្តា​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ច្រើន​ឡើង។ យើង​នឹង​រក្សា​សម្ពន្ធ‌មេត្រី*​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា។

10. អ្នក​រាល់​គ្នា​នឹង​បរិភោគ​ស្រូវ​ចាស់ បន្ទាប់​មក អ្នក​រាល់​គ្នា​យក​ស្រូវ​ចាស់​ចេញ​ពី​ជង្រុក ដើម្បី​ដាក់​ស្រូវ​ថ្មី​វិញ។

11. យើង​នឹង​រស់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា យើង​នឹង​មិន​ឃ្លាត​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ឡើយ។

12. យើង​នឹង​ស្ថិត​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង។

13. យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​នោះ​ទៀត​ឡើយ។ យើង​បាន​កាច់​បំបាក់​នឹម​ដែល​ស្ថិត​នៅ​លើ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​ដោយ​ខ្ពស់​មុខ។

14. ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​តាម​យើង ហើយ​មិន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង​ទេ

15. ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ច្បាប់​របស់​យើង ហើយ​មិន​រវី‌រវល់​នឹង​វិន័យ​របស់​យើង គឺ​មិន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង

16. យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជួប​គ្រោះ​ភ័យ គឺ​ជំងឺ​រ៉ាំរ៉ៃ និង​ជំងឺ​គ្រុន ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ស្រវាំង​ភ្នែក និង​គ្រាំ‌គ្រា​ចិត្ត។ អ្នក​រាល់​គ្នា​សាប​ព្រោះ តែ​មិន​បាន​ផល​អ្វី​ទេ ដ្បិត​ខ្មាំង​នឹង​មក​ស៊ី​បង្ហិន​អស់។

17. យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ហើយ​ខ្មាំង​សត្រូវ​នឹង​មាន​ជ័យ‌ជំនះ​លើ​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា​នឹង​ត្រួត‌ត្រា​លើ​អ្នក​រាល់​គ្នា ហើយ​ទោះ​បី​គ្មាន​នរណា​ដេញ​តាម​ក្ដី ក៏​អ្នក​រាល់​គ្នា​រត់​គេច​ខ្លួន​ដែរ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 26