គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 26:35-42 Khmer Standard Version (KHSV)

35. ក្នុង​ពេល​ស្រុក​ស្ងាត់​ជ្រងំ​នោះ ទឹក​ដី​នឹង​បាន​សម្រាក ដ្បិត​កាល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក ដី​ពុំ​បាន​សម្រាក​ទេ ព្រោះ​អ្នក​រាល់​គ្នា​មិន​គោរព​ឆ្នាំ​សប្ប័ទ​សោះ​ឡើយ។

36. រីឯ​អស់​អ្នក​ដែល​រួច​ពី​ស្លាប់ ហើយ​ត្រូវ​ខ្មាំង​ចាប់​ទៅ​ជា​ឈ្លើយ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​គេ​ភ័យ​បាក់‌ស្បាត សូម្បី​តែ​សំឡេង​ស្លឹក​ឈើ​ជ្រុះ​ក៏​ធ្វើ​ឲ្យ​គេ​ភ័យ ហើយ​រត់​ដូច​រត់​គេច​ពី​មុខ​ដាវ។ ពួក​គេ​នឹង​ដួល​ស្លាប់ ដោយ​គ្មាន​នរណា​ដេញ​តាម​ពី​ក្រោយ។

37. ពួក​គេ​នឹង​ជំពប់​ដួល​គរ​លើ​គ្នា​ដូច​ដួល​នៅ​មុខ​ដាវ ដោយ​ឥត​មាន​នរណា​ដេញ​តាម​ក្រោយ​ឡើយ។ អ្នក​រាល់​គ្នា​ពុំ​អាច​តទល់​នឹង​ខ្មាំង​សត្រូវ​ទេ។

38. អ្នក​រាល់​គ្នា​នឹង​វិនាស​នៅ​ក្នុង​ស្រុក​របស់​ប្រជា‌ជាតិ​នានា ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក​រាល់​គ្នា នៅ​ក្នុង​ទឹក​ដី​របស់​ខ្មាំង​សត្រូវ។

39. ក្នុង​ចំណោម​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​រួច​ពី​ស្លាប់ នឹង​ត្រូវ​វិនាស​នៅ​ក្នុង​ទឹក​ដី​របស់​ខ្មាំង​សត្រូវ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន និង​អំពើ​បាប​របស់​ដូនតា។

40. ពេល​ពួក​គេ​ទទួល​សារ‌ភាព​កំហុស​របស់​ខ្លួន និង​កំហុស​របស់​ដូនតា​ខ្លួន ហើយ​ទទួល​សារ‌ភាព​ថា គេ​មិន​បាន​ស្មោះ​ត្រង់​ចំពោះ​យើង ព្រម​ទាំង​មាន​ចិត្ត​មានះ​ប្រឆាំង​នឹង​យើង

41. ពេល​ពួក​គេ​យល់​ថា យើង​បាន​ប្រឆាំង​នឹង​ពួក​គេ ហើយ​នាំ​ពួក​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្មាំង ពួក​គេ​ដែល​ធ្លាប់​តែ​មាន​ចិត្ត​រឹង‌រូស បែរ​ជា​អោន​លំ‌ទោន និង​យល់​ព្រម​ទទួល​ទណ្ឌ‌កម្ម។

42. ពេល​នោះ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​យ៉ាកុប អ៊ីសាក និង​អប្រាហាំ ហើយ​យើង​ក៏​នឹក​ដល់​ទឹក​ដី​របស់​ពួក​គេ​ដែរ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 26