គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 26:15-27 Khmer Standard Version (KHSV)

15. ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ច្បាប់​របស់​យើង ហើយ​មិន​រវី‌រវល់​នឹង​វិន័យ​របស់​យើង គឺ​មិន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង

16. យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជួប​គ្រោះ​ភ័យ គឺ​ជំងឺ​រ៉ាំរ៉ៃ និង​ជំងឺ​គ្រុន ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ស្រវាំង​ភ្នែក និង​គ្រាំ‌គ្រា​ចិត្ត។ អ្នក​រាល់​គ្នា​សាប​ព្រោះ តែ​មិន​បាន​ផល​អ្វី​ទេ ដ្បិត​ខ្មាំង​នឹង​មក​ស៊ី​បង្ហិន​អស់។

17. យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ហើយ​ខ្មាំង​សត្រូវ​នឹង​មាន​ជ័យ‌ជំនះ​លើ​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា​នឹង​ត្រួត‌ត្រា​លើ​អ្នក​រាល់​គ្នា ហើយ​ទោះ​បី​គ្មាន​នរណា​ដេញ​តាម​ក្ដី ក៏​អ្នក​រាល់​គ្នា​រត់​គេច​ខ្លួន​ដែរ។

18. ទោះ​បី​យ៉ាង​នេះ​ក្ដី ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ព្រម​ស្ដាប់​យើង​ទេ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ខ្លាំង​ជាង​នេះ​ប្រាំ‌ពីរ​ដង ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។

19. យើង​នឹង​បំបាក់​អំនួត ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​លើ​កម្លាំង​ខ្លួន​ឯង។ យើង​នឹង​ធ្វើ​ឲ្យ​មេឃ​រាំង​ស្ងួត ធ្វើ​ឲ្យ​ដី​បែក​ក្រហែង។

20. អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ការ តែ​មិន​បាន​ផល​អ្វី​ទេ ព្រោះ​ដី​មិន​ផ្ដល់​ភោគ‌ផល ហើយ​ដើម​ឈើ​ក៏​គ្មាន​ផ្លែ​ដែរ។

21. ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ជំទាស់​នឹង​យើង ហើយ​មិន​ព្រម​ស្ដាប់​យើង​ទេ យើង​នឹង​វាយ​អ្នក​រាល់​គ្នា​ខ្លាំង​ជាង​នេះ​ប្រាំ‌ពីរ​ដង ស្រប​តាម​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។

22. យើង​នឹង​ឲ្យ​សត្វ​ព្រៃ​មក​យាយី​អ្នក​រាល់​គ្នា វា​នឹង​ប្រហារ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា វា​នឹង​បំផ្លាញ​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​សល់​ចំនួន​តិច‌តួច រហូត​ដល់​ផ្លូវ​របស់​អ្នក​រាល់​គ្នា​គ្មាន​មនុស្ស​ដើរ។

23. ទោះ​បី​យ៉ាង​នេះ​ក្ដី ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​កែ​ខ្លួន​តាម​ការ​ប្រដៅ​របស់​យើង ហើយ​នៅ​តែ​មាន​ចិត្ត​មានះ​ប្រឆាំង​នឹង​យើង

24. យើង​ក៏​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​វិញ​ដែរ យើង​វាយ​អ្នក​រាល់​គ្នា​ប្រាំ‌ពីរ​ដង​ខ្លាំង​ជាង​នេះ ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។

25. យើង​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​ឡើង​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី។ ពេល​អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​នៅ​តាម​ទីក្រុង យើង​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត​ត្បាត​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។

26. ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​ខាត​ម្ហូប​អាហារ ស្ត្រី​ដប់​នាក់​នឹង​ដុត​នំប៉័ង​នៅ​ក្នុង​ឡ​តែ​មួយ។ គេ​នឹង​ចែក​របប​នំប៉័ង​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ឆ្អែត​ឡើយ។

27. ទោះ​បី​យ៉ាង​នេះ​ក្ដី បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​យើង ហើយ​មាន​ចិត្ត​មានះ​ប្រឆាំង​នឹង​យើង

សូមអានជំពូកពេញលេញ លេវី‌វិន័យ 26