គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 25:43-53 Khmer Standard Version (KHSV)

43. កុំ​ជិះ‌ជាន់​ធ្វើ​បាប​ពួក​គេ​ឲ្យ​សោះ ធ្វើ​ដូច្នេះ ទើប​អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។

44. ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រូវ​ការ​ខ្ញុំ​បម្រើ​ប្រុស​ស្រី ត្រូវ​ទិញ​ពួក​គេ​ពី​ចំណោម​ប្រជា‌ជាតិ​នានា ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា។

45. អ្នក​រាល់​គ្នា​អាច​ទិញ​ខ្ញុំ​បម្រើ​ពី​ចំណោម​កូន​ចៅ​របស់​ជន​បរ‌ទេស ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ឬ​ពី​ចំណោម​ពូជ​អំបូរ​របស់​គេ ដែល​កើត​ក្នុង​ស្រុក​នេះ មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​អ្នក។

46. អ្នក​រាល់​គ្នា​អាច​ចែក​ខ្ញុំ​បម្រើ​ទាំង​នោះ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា នៅ​ជំនាន់​ក្រោយ ទុក​ជា​កេរ‌មត៌ក។ អ្នក​រាល់​គ្នា​អាច​ទុក​ពួក​គេ​ជា​ខ្ញុំ​បម្រើ​រហូត​ត​ទៅ។ ផ្ទុយ​ទៅ​វិញ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ជិះ‌ជាន់​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជា​បង‌ប្អូន​របស់​ខ្លួន​ឡើយ។

47. ប្រសិន​បើ​ជន​បរ‌ទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​អ្នក ជា​អ្នក​មាន ហើយ​ប្រសិន​បើ​មាន​បង‌ប្អូន​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ លក់​ខ្លួន​ទៅ​ឲ្យ​ជន​បរ‌ទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​បណ្ដោះ‌អាសន្ន ឬ​លក់​ខ្លួន​ឲ្យ​ពូជ‌ពង្ស​របស់​ជន​បរ‌ទេស​នោះ

48. បង‌ប្អូន​របស់​អ្នក​ក្រ​មាន​សិទ្ធិ​លោះ​អ្នក​ក្រ​នោះ​យក​មក​វិញ ក្រោយ​ពេល​គាត់​បាន​លក់​ខ្លួន។

49. ឪពុក​មា​របស់​គាត់ កូន​របស់​ឪពុក​មា ឬ​សាច់‌ញាតិ​ជិត‌ដិត​ណា​ម្នាក់ អាច​លោះ​គាត់​យក​មក​វិញ ឬ​គាត់​ត្រូវ​រក​ប្រាក់​លោះ​ខ្លួន​ឯង​ក៏​បាន។

50. គាត់​ត្រូវ​គិត​ចំនួន​ឆ្នាំ​ជា​មួយ​ម្ចាស់​ដែល​ទិញ​គាត់​នោះ ដោយ​រាប់​ចាប់​ពី​ឆ្នាំ​ដែល​គាត់​បាន​លក់​ខ្លួន​រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា ហើយ​បង់​ប្រាក់​ទៅ​ឲ្យ​ម្ចាស់​តាម​ចំនួន​ឆ្នាំ​នោះ គិត​ដូច​ប្រាក់​ឈ្នួល​របស់​អ្នក​បម្រើ។

51. ប្រសិន​បើ​នៅ​សល់​ច្រើន​ឆ្នាំ ត្រូវ​បង់​ប្រាក់​លោះ​ខ្លួន​ទៅ​ឲ្យ​ម្ចាស់ គិត​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ។

52. ប្រសិន​បើ​នៅ​សល់​តិច​ឆ្នាំ មុន​នឹង​ដល់​ឆ្នាំ​មេត្តា​ករុណា ក៏​ត្រូវ​គិត​ប្រាក់​លោះ​ខ្លួន​បង់​ទៅ​ឲ្យ​ម្ចាស់ តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ​ដែរ។

53. ត្រូវ​រាប់​គាត់​ទុក​ដូច​ជា​អ្នក​ស៊ី​ឈ្នួល​ប្រចាំ​ឆ្នាំ នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់ គឺ​មិន​ត្រូវ​ជិះ‌ជាន់​ធ្វើ​បាប​គាត់​ឡើយ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 25