គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 23:5-20 Khmer Standard Version (KHSV)

5. នៅ​ខែ​ទី​មួយ ថ្ងៃ​ទី​ដប់‌បួន ក្រោយ​ពេល​ថ្ងៃ​លិច ជា​បុណ្យ​ចម្លង*​ថ្វាយ​ព្រះ‌អម្ចាស់។

6. នៅ​ថ្ងៃ​ទី​ដប់‌ប្រាំ ក្នុង​ខែ​ដដែល​នោះ ជា​បុណ្យ​នំប៉័ង​ឥត​មេ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។

7. នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ កុំ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​នៅ​ថ្ងៃ​នោះ​ឡើយ។

8. អ្នក​រាល់​គ្នា​ត្រូវ​យក​តង្វាយ​ដុត​មក​ថ្វាយ​ព្រះ‌អម្ចាស់ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ គឺ​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​នៅ​ថ្ងៃ​នោះ​ឡើយ»។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖

10. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ពេល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ពេល​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ ត្រូវ​យក​កណ្ដាប់​ស្រូវ​ដែល​អ្នក​រាល់​គ្នា​ច្រូត​មុន​គេ​បង្អស់ មក​ជូន​បូជា‌ចារ្យ។

11. នៅ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ* បូជា‌ចារ្យ​ត្រូវ​លើក​កណ្ដាប់​ស្រូវ​នេះ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ទទួល​យក​ពី​អ្នក​រាល់​គ្នា។

12. នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្ដាប់​ស្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ថ្វាយ​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់

13. ព្រម​ទាំង​យក​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា*​លាយ​ជា​មួយ​ប្រេង មក​ថ្វាយ​ជា​មួយ​កូន​ចៀម​នោះ ជា​តង្វាយ​ដុត មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ចូរ​យក​ស្រា​ទំពាំង‌បាយជូរ​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​សម្រាប់​ពិធី​ច្រួច‌ស្រា​ដែរ។

14. អ្នក​រាល់​គ្នា​អាច​បរិភោគ​នំប៉័ង លាជ ឬ​ស្រូវ​ថ្មី​បាន លុះ​ត្រា​ណា​តែ​អ្នក​រាល់​គ្នា​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា តាម​ពេល​កំណត់​ជា​មុន​សិន។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។

15. ចាប់​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្ដាប់​ស្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ ត្រូវ​កំណត់​ពេល​ពេញ​ប្រាំ‌ពីរ​អាទិត្យ។

16. អ្នក​រាល់​គ្នា​ត្រូវ​គិត​ហា‌សិប​ថ្ងៃ រហូត​ដល់​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ​ទី​ប្រាំ‌ពីរ ថ្ងៃ​នោះ​ត្រូវ​យក​តង្វាយ​ពី​ស្រូវ​ថ្មី​មក​ថ្វាយ​ព្រះ‌អម្ចាស់។

17. អ្នក​រាល់​គ្នា​ត្រូវ​យក​នំប៉័ង​ពីរ​ដុំ​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា មក​ថ្វាយ​ព្រះ‌អម្ចាស់។ ត្រូវ​ប្រើ​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា​ដុត​ជា​មួយ​មេ​នំប៉័ង សម្រាប់​ធ្វើ​ជា​នំប៉័ង​ដំបូង​បង្អស់ ថ្វាយ​ព្រះ‌អម្ចាស់។

18. អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​ប្រាំ‌ពីរ​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ គោ​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ ថែម​ពី​លើ​នំប៉័ង​នេះ ថ្វាយ​ព្រះ‌អម្ចាស់​ជា​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យក​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ​សម្រាប់​ពិធី​ច្រួច‌ស្រា មក​ថ្វាយ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

19. អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​យញ្ញ‌បូជា​រំដោះ​បាប ព្រម​ទាំង​កូន​ចៀម​ពីរ​អាយុ​មួយ​ខួប ជា​យញ្ញ‌បូជា​មេត្រី‌ភាព។

20. បូជា‌ចារ្យ​លើក​សត្វ​ទាំង​នោះ ព្រម​ទាំង​នំប៉័ង​ដែល​ជា​ផល​ដំបូង និង​កូន​ចៀម​ទាំង​ពីរ ថ្វាយ​ព្រះ‌អម្ចាស់។ តង្វាយ​ទាំង​នោះ​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដ៏​សក្ការៈ​ដល់​ព្រះ‌អម្ចាស់ ហើយ​ប្រគល់​ជូន​បូជា‌ចារ្យ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 23