គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 23:35-44 Khmer Standard Version (KHSV)

35. នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។

36. អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បី ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ហើយ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌អង្គ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​បង្ហើយ​បុណ្យ ដែល​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។

37. នេះ​ជា​បុណ្យ​សំខាន់ៗ​របស់​ព្រះ‌អម្ចាស់ ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ដើម្បី​ថ្វាយ​តង្វាយ​ដល់​ព្រះ‌អម្ចាស់ គឺ​មាន​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ យញ្ញ‌បូជា​មេត្រី‌ភាព និង​ពិធី​ច្រួច‌ស្រា។ ត្រូវ​ថ្វាយ​តង្វាយ​នីមួយៗ​តាម​ថ្ងៃ​កំណត់។

38. ក្រៅ​ពី​ធ្វើ​បុណ្យ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ទាំង​នេះ​ថែម​ទៀត ហើយ​ថ្វាយ​តង្វាយ​សម្រាប់​ពិធី​បុណ្យ​ទាំង​នេះ ថែម​ពី​លើ​តង្វាយ​ផ្សេងៗ តង្វាយ​លា​បំណន់ និង​តង្វាយ​ស្ម័គ្រ​ចិត្ត​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ដល់​ព្រះ‌អម្ចាស់។

39. នៅ​ថ្ងៃ​ទី​ដប់‌ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ ពេល​អ្នក​រាល់​គ្នា​ប្រមូល​ភោគ‌ផល​នៅ​ក្នុង​ស្រុក​ចប់​សព្វ​គ្រប់​ហើយ ត្រូវ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ប្រាំ‌បី ជា​ថ្ងៃ​សម្រាក។

40. នៅ​ថ្ងៃ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​យក​ផ្លែ​ឈើ​ដ៏​ល្អ ធាង​ចាក មែក​ឈើ​ត្រសុំ‌ត្រសាយ ព្រម​ទាំង​ស្លឹក​ត្រែង​ដែល​ដុះ​នៅ​តាម​ស្ទឹង មក​ប្រារព្ធ​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

41. រៀង​រាល់​ឆ្នាំ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ថ្វាយ​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ គឺ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ខែ​ទី​ប្រាំ‌ពីរ។

42. អ្នក​រាល់​គ្នា​ត្រូវ​រស់​នៅ​ក្នុង​បារាំ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ គឺ​ម្ចាស់​ស្រុក​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ត្រូវ​រស់​នៅ​ក្នុង​បារាំ​នោះ

43. ដើម្បី​ឲ្យ​កូន​របស់​អ្នក​រាល់​គ្នា​ដឹង​ថា ពេល​យើង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប យើង​បាន​ឲ្យ​គេ​រស់​ក្នុង​បារាំ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

44. លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​អំពី​របៀប​ធ្វើ​ពិធី​បុណ្យ​ដ៏​សំខាន់ៗ សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 23