ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 23 Khmer Standard Version (KHSV)

ពិធី​បុណ្យ​ផ្សេងៗ

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ពិធី​បុណ្យ​ដ៏​សំខាន់ៗ​ជា​ឱកាស​មួយ ដែល​អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ ពិធី​បុណ្យ​ដ៏​សំខាន់ៗ​របស់​យើង​មាន​ដូច​ត​ទៅ:

3. អ្នក​រាល់​គ្នា​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ‌ពីរ​ជា​ថ្ងៃ​សប្ប័ទ* ជា​ថ្ងៃ​សម្រាក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ព្រោះ​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់។

4. បុណ្យ​ដ៏​សំខាន់ៗ​របស់​ព្រះ‌អម្ចាស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​កំណត់​ពេល​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អង្គ មាន​ដូច​ត​ទៅ:

5. នៅ​ខែ​ទី​មួយ ថ្ងៃ​ទី​ដប់‌បួន ក្រោយ​ពេល​ថ្ងៃ​លិច ជា​បុណ្យ​ចម្លង*​ថ្វាយ​ព្រះ‌អម្ចាស់។

6. នៅ​ថ្ងៃ​ទី​ដប់‌ប្រាំ ក្នុង​ខែ​ដដែល​នោះ ជា​បុណ្យ​នំប៉័ង​ឥត​មេ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។

7. នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ កុំ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​នៅ​ថ្ងៃ​នោះ​ឡើយ។

8. អ្នក​រាល់​គ្នា​ត្រូវ​យក​តង្វាយ​ដុត​មក​ថ្វាយ​ព្រះ‌អម្ចាស់ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ គឺ​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​នៅ​ថ្ងៃ​នោះ​ឡើយ»។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖

10. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ពេល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ពេល​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ ត្រូវ​យក​កណ្ដាប់​ស្រូវ​ដែល​អ្នក​រាល់​គ្នា​ច្រូត​មុន​គេ​បង្អស់ មក​ជូន​បូជា‌ចារ្យ។

11. នៅ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ* បូជា‌ចារ្យ​ត្រូវ​លើក​កណ្ដាប់​ស្រូវ​នេះ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ទទួល​យក​ពី​អ្នក​រាល់​គ្នា។

12. នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្ដាប់​ស្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ថ្វាយ​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់

13. ព្រម​ទាំង​យក​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា*​លាយ​ជា​មួយ​ប្រេង មក​ថ្វាយ​ជា​មួយ​កូន​ចៀម​នោះ ជា​តង្វាយ​ដុត មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ចូរ​យក​ស្រា​ទំពាំង‌បាយជូរ​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​សម្រាប់​ពិធី​ច្រួច‌ស្រា​ដែរ។

14. អ្នក​រាល់​គ្នា​អាច​បរិភោគ​នំប៉័ង លាជ ឬ​ស្រូវ​ថ្មី​បាន លុះ​ត្រា​ណា​តែ​អ្នក​រាល់​គ្នា​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា តាម​ពេល​កំណត់​ជា​មុន​សិន។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។

15. ចាប់​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្ដាប់​ស្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ ត្រូវ​កំណត់​ពេល​ពេញ​ប្រាំ‌ពីរ​អាទិត្យ។

16. អ្នក​រាល់​គ្នា​ត្រូវ​គិត​ហា‌សិប​ថ្ងៃ រហូត​ដល់​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ​ទី​ប្រាំ‌ពីរ ថ្ងៃ​នោះ​ត្រូវ​យក​តង្វាយ​ពី​ស្រូវ​ថ្មី​មក​ថ្វាយ​ព្រះ‌អម្ចាស់។

17. អ្នក​រាល់​គ្នា​ត្រូវ​យក​នំប៉័ង​ពីរ​ដុំ​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា មក​ថ្វាយ​ព្រះ‌អម្ចាស់។ ត្រូវ​ប្រើ​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា​ដុត​ជា​មួយ​មេ​នំប៉័ង សម្រាប់​ធ្វើ​ជា​នំប៉័ង​ដំបូង​បង្អស់ ថ្វាយ​ព្រះ‌អម្ចាស់។

18. អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​ប្រាំ‌ពីរ​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ គោ​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ ថែម​ពី​លើ​នំប៉័ង​នេះ ថ្វាយ​ព្រះ‌អម្ចាស់​ជា​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យក​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ​សម្រាប់​ពិធី​ច្រួច‌ស្រា មក​ថ្វាយ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

19. អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​យញ្ញ‌បូជា​រំដោះ​បាប ព្រម​ទាំង​កូន​ចៀម​ពីរ​អាយុ​មួយ​ខួប ជា​យញ្ញ‌បូជា​មេត្រី‌ភាព។

20. បូជា‌ចារ្យ​លើក​សត្វ​ទាំង​នោះ ព្រម​ទាំង​នំប៉័ង​ដែល​ជា​ផល​ដំបូង និង​កូន​ចៀម​ទាំង​ពីរ ថ្វាយ​ព្រះ‌អម្ចាស់។ តង្វាយ​ទាំង​នោះ​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដ៏​សក្ការៈ​ដល់​ព្រះ‌អម្ចាស់ ហើយ​ប្រគល់​ជូន​បូជា‌ចារ្យ។

21. នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។

22. ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា កុំ​ច្រូត​រហូត​ដល់​ភ្លឺ​ស្រែ​ឡើយ ហើយ​ក៏​កុំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ដែរ។ ត្រូវ​ទុក​ឲ្យ​ជន​ទុគ៌ត និង​ជន​បរ‌ទេស​រើស​បរិភោគ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក»។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

24. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ គឺ​ជា​ថ្ងៃ​សម្រាក។ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​រំឭក និង​ស្រែក​ជយ‌ឃោស ដោយ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។

25. អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ តែ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់»។

26. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

27. «នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ ត្រូវ​តម​អាហារ ហើយ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់។

28. នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ដ្បិត​ជា​ថ្ងៃ​បុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​ជម្រះ​បាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

29. អ្នក​ដែល​ពុំ​តម​អាហារ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

30. អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

31. អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។

32. ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្រាក ដូច​ថ្ងៃ​សប្ប័ទ ហើយ​ត្រូវ​តម​អាហារ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បួន​ក្នុង​ខែ​នោះ អ្នក​រាល់​គ្នា​ត្រូវ​សម្រាក​ដូច​ថ្ងៃ​សប្ប័ទ ចាប់​ពី​ពេល​ល្ងាច​នៃ​ថ្ងៃ​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់»។

33. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

34. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ*​សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។

35. នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។

36. អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បី ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ហើយ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌អង្គ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​បង្ហើយ​បុណ្យ ដែល​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។

37. នេះ​ជា​បុណ្យ​សំខាន់ៗ​របស់​ព្រះ‌អម្ចាស់ ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ដើម្បី​ថ្វាយ​តង្វាយ​ដល់​ព្រះ‌អម្ចាស់ គឺ​មាន​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ យញ្ញ‌បូជា​មេត្រី‌ភាព និង​ពិធី​ច្រួច‌ស្រា។ ត្រូវ​ថ្វាយ​តង្វាយ​នីមួយៗ​តាម​ថ្ងៃ​កំណត់។

38. ក្រៅ​ពី​ធ្វើ​បុណ្យ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ទាំង​នេះ​ថែម​ទៀត ហើយ​ថ្វាយ​តង្វាយ​សម្រាប់​ពិធី​បុណ្យ​ទាំង​នេះ ថែម​ពី​លើ​តង្វាយ​ផ្សេងៗ តង្វាយ​លា​បំណន់ និង​តង្វាយ​ស្ម័គ្រ​ចិត្ត​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ដល់​ព្រះ‌អម្ចាស់។

39. នៅ​ថ្ងៃ​ទី​ដប់‌ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ ពេល​អ្នក​រាល់​គ្នា​ប្រមូល​ភោគ‌ផល​នៅ​ក្នុង​ស្រុក​ចប់​សព្វ​គ្រប់​ហើយ ត្រូវ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ប្រាំ‌បី ជា​ថ្ងៃ​សម្រាក។

40. នៅ​ថ្ងៃ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​យក​ផ្លែ​ឈើ​ដ៏​ល្អ ធាង​ចាក មែក​ឈើ​ត្រសុំ‌ត្រសាយ ព្រម​ទាំង​ស្លឹក​ត្រែង​ដែល​ដុះ​នៅ​តាម​ស្ទឹង មក​ប្រារព្ធ​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

41. រៀង​រាល់​ឆ្នាំ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ថ្វាយ​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ គឺ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ខែ​ទី​ប្រាំ‌ពីរ។

42. អ្នក​រាល់​គ្នា​ត្រូវ​រស់​នៅ​ក្នុង​បារាំ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ គឺ​ម្ចាស់​ស្រុក​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ត្រូវ​រស់​នៅ​ក្នុង​បារាំ​នោះ

43. ដើម្បី​ឲ្យ​កូន​របស់​អ្នក​រាល់​គ្នា​ដឹង​ថា ពេល​យើង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប យើង​បាន​ឲ្យ​គេ​រស់​ក្នុង​បារាំ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

44. លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​អំពី​របៀប​ធ្វើ​ពិធី​បុណ្យ​ដ៏​សំខាន់ៗ សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់។