គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 22:1-8 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖

2. «ចូរ​ប្រាប់​អើរ៉ុន និង​កូន​ចៅ​របស់​គាត់​ថា ក្នុង​ករណី​ខ្លះ ពួក​គេ​មិន​អាច​បរិភោគ​តង្វាយ​ដ៏‌វិសុទ្ធ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​ជា​សក្ការៈ​បូជា​ដល់​យើង​ឡើយ ក្រែង​លោ​គេ​បង្អាប់​នាម​ដ៏‌វិសុទ្ធ​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់។

3. ចូរ​ប្រាប់​ពួក​គេ​ថា: ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់ អ្នក​ដែល​មាន​ភាព​មិន​បរិសុទ្ធ ហើយ​ប៉ះ‌ពាល់​តង្វាយ​ដ៏‌វិសុទ្ធ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​ជា​សក្ការៈ‌បូជា​ដល់​ព្រះ‌អម្ចាស់ ត្រូវ​ដក​អ្នក​នោះ​កុំ​ឲ្យ​បំពេញ​មុខ‌ងារ​នៅ​ចំពោះ​មុខ​យើង​ទៀត។ យើង​ជា​ព្រះ‌អម្ចាស់។

4. ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អើរ៉ុន អ្នក​កើត​ឃ្លង់ ឬ​ជំងឺ​កាម​រោគ មិន​អាច​បរិភោគ​អាហារ​ដ៏‌វិសុទ្ធ​ទេ គឺ​លុះ​ត្រា​ណា​តែ​គេ​ជា​បរិសុទ្ធ​ឡើង​វិញ។ រី​ឯ​អ្នក​ដែល​ប៉ះ‌ពាល់​នឹង​មនុស្ស​សៅ‌ហ្មង​ដោយ‌សារ​ពាល់​សាក‌សព ឬ​មនុស្ស​ដែល​ហូរ​ទឹក​កាម ក៏​មិន​អាច​បរិភោគ​ដែរ។

5. អ្នក​ប៉ះ‌ពាល់​សត្វ​លូន​វារ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង ឬ​ប៉ះ‌ពាល់​មនុស្ស​ណា​ម្នាក់​ដែល​មិន​បរិសុទ្ធ​ដោយ​ប្រការ​ណា​ក៏​ដោយ ជា​ហេតុ​បណ្ដាល​ឲ្យ​ខ្លួន​សៅ‌ហ្មង​ដែរ​នោះ ក៏​មិន​អាច​បរិភោគ​បាន​ទេ។

6. អ្នក​ប៉ះ‌ពាល់​មនុស្ស ឬ​សត្វ​មិន​បរិសុទ្ធ​បែប​នេះ ត្រូវ​នៅ​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ គេ​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដ៏‌វិសុទ្ធ​ទេ លុះ​ត្រា​តែ​យក​ទឹក​មក​ធ្វើ​ពិធី​ជម្រះ​កាយ​ជា​មុន​សិន។

7. លុះ​ថ្ងៃ​លិច​ផុត​ទៅ ទើប​គេ​បាន​បរិសុទ្ធ ហើយ​អាច​បរិភោគ​តង្វាយ​ដ៏‌វិសុទ្ធ ជា​អាហារ​របស់​ខ្លួន​បាន។

8. បូជា‌ចារ្យ​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ខាំ​ឡើយ ដើម្បី​កុំ​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង ព្រោះ​តែ​សត្វ​នោះ។ យើង​ជា​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 22